នៅថ្ងៃពុធនេះ ចិននិយាយថា ពួកគេកំពុងបញ្ជាក់ផ្ទៀងផ្ទាត់សេចក្តីរាយការណ៍ថា ជនជាតិចិនត្រូវបានចាប់ខ្លួននៅប្រទេសអ៊ុយក្រែន ។
ថ្លែងទៅកាន់សន្និសីទសារព័ត៌មាន លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា រដ្ឋាភិបាលចិនតែងតែស្នើសុំឲ្យពលរដ្ឋរបស់ខ្លួននៅឆ្ងាយពីតំបន់ជម្លោះប្រដាប់អាវុធ និងចៀសវាងការជាប់ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ទោះក្នុងទម្រង់ណាក៏ដោយ ។
ជាការឆ្លើយតបនឹងសំនួរថាអ៊ុយក្រែនមានភស្តុតាងបញ្ជាក់ថា ទាហានចិនមានវត្តមាននៅក្នុងសង្រ្គាម លោក Lin បានធ្វើការសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍នេះ គ្មានមូលដ្ឋាននោះទេ ស្របពេលដែលលោកជំរុញឲ្យអ៊ុយក្រែនពិនិត្យមើលឲ្យបានត្រឹមត្រូវចំពោះកិច្ចខិតខំរបស់ចិនក្នុងការស្វែងរកដំណោះស្រាយនយោបាយ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា កងកម្លាំងអ៊ុយក្រែន ចាប់ខ្លួនបានជនជាតិចិន ២នាក់ដែលធ្វើសង្រ្គាមឲ្យរុស្ស៊ី នៅតំបន់ភាគខាងកើតអ៊ុយក្រែន ជាហេតុធ្វើឲ្យគំរាមកំហែងខ្លាំងដល់កិច្ចខិតខំស្វែងសន្តិភាពដ៏ផុយស្រួយនៅក្នុងសង្រ្គាមរយៈពេល ៣ឆ្នាំមួយនេះ ។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំង គឺជាសម្ព័ន្ធមិត្តការទូតជិតស្និតរបស់ទីក្រុងម៉ូស្គូ ។ ពួកគេពុំបានថ្កោលទោសនោះឡើយការវាយលុកទ្រង់ទ្រាយពេញលេញរបស់វិមានក្រឹមឡាំង ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកចង់បញ្ចប់សង្រ្គាមមួយនេះឲ្យបានឆាប់រហ័ស ៕