ប្រទេសចិនបានប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន បន្ទាប់ពីកម្រិតពន្ធ ១០៤ភាគរយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើការនាំចូលរបស់ចិន បានចូលជាធរមាន នៅថ្ងៃពុធ (ទី៩ ខែមេសា) នេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «សហរដ្ឋអាមេរិកនៅតែដាក់ពន្ធតាមអំពើចិត្តលើប្រទេសចិន ហើយបន្តដាក់សម្ពាធធ្ងន់ធ្ងរឥតឈប់ឈរ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ ហើយនឹងមិនទទួលយកឥរិយាបថដ៏គឃ្លើន និងសម្លុតកំហែងបែបនេះជាដាច់ខាត»។
លោក Lin បានបន្ថែមថា៖ «ប្រសិនបើសហរដ្ឋអាមេរិកមិនគិតដល់ផលប្រយោជន៍របស់ប្រទេសទាំង២ និងសហគមន៍អន្តរជាតិ ហើយនៅតែទទូចបង្កសង្រ្គាមពន្ធគយ និងសង្រ្គាមពាណិជ្ជកម្ម នោះប្រទេសចិននឹងតស៊ូជាមួយរហូតដល់ទីបញ្ចប់»។

គួរបញ្ជាក់ថា ការតព្វកិច្ចពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចូលរបស់ចិន ត្រូវបានកំណត់ថា នឹងឡើង ៣៤ភាគរយ នៅថ្ងៃពុធនេះ ដែលជាផ្នែកនៃកញ្ចប់ពន្ធ «បដិការ» របស់លោក Trump។ ប៉ុន្តែលោកប្រធានាធិបតី បានបន្ថែមកម្រិត ៥០ភាគរយផ្សេងទៀត បន្ទាប់ពីទីក្រុងប៉េកាំងមិនបានបោះបង់ការសន្យារបស់ខ្លួន ក្នុងការដាក់ពន្ធសងសឹកចំនួន ៣៤ភាគរយលើទំនិញរបស់អាមេរិក ត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ។ មុនពេលមានការដំឡើងចុងក្រោយនេះ លោក Trump បានដាក់ពន្ធលើប្រទេសចិនចំនួន ២០ភាគរយរួចហើយ គិតចាប់តាំងពីលោកវិលត្រលប់ទៅកាន់សេតវិមាន។
លោក Lin បានបញ្ជាក់ថា៖ «សិទ្ធិស្របច្បាប់ក្នុងការអភិវឌ្ឍរបស់ប្រជាជនចិន មិនអាចត្រូវបានដកហូតនោះទេ ហើយអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន មិនអាចរំលោភបំពានបាននោះឡើយ»៕


