សៀមរាប ៖ ក្រោយអនុវត្តអស់រយៈពេលជិត ១៥ខែកន្លងមក គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេង (CURE) ត្រូវបានបិទបញ្ចប់ ជាមួយនឹងការផ្តល់ក្តីសង្ឃឹមសម្រាប់អនាគតថា នឹងបានជួយដល់ការកាត់បន្ថយស្ថានភាពគំរាមកំហែងនៃជំងឺនេះ ចាប់ពីពេលបច្ចុប្បន្ននេះតទៅ។
ក្រោមកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល ជាមួយសមាគមជំងឺរបេង នៃសាធារណរដ្ឋកូរ៉េ គម្រោងរបេង (CURE) ដែលប្រតិបត្តិការយ៉ាងសកម្ម ដោយមន្ទីរសុខាភិបាលខេត្តសៀមរាបនោះ កាលពីម្សិលមិញ គម្រោងបង្កើនសមត្ថភាពស្រាវជ្រាវ លុបបំបាត់ជំងឺរបេង CURE ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីគម្រោងនេះ ត្រូវបានអនុវត្តអស់រយៈពេលជិត ១៥ខែកន្លងមក ចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម ផាក ស៊ុងជីន អគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប បានឱ្យដឹងថា គម្រោងលុបបំបាត់ជំងឺរបេង (CURE) ដែលបានអនុវត្តក្នុងទឹកដីខេត្តសៀមរាប នឹងបានស្ថិតបន្តក្នុងក្តីសង្ឃឹមសម្រាប់អនាគត។ ចំណែកឯលោកវេជ្ជបណ្ឌិត ហ្យុង ម៉ាន់ហូ ប្រធានសមាគមជំងឺរបេងជាតិកូរ៉េ បានបញ្ជាក់ថា សមាគមនៅតែបន្តគាំទ្រគម្រោងនេះ និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រជាជនកម្ពុជា។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ផ្តើមដំបូងនៃគម្រោងនេះ គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាបុគ្គលិករបស់គម្រោង បុគ្គលិករបស់មន្ទីរពេទ្យបង្អែកអង្គរជុំរួមមាន៖ វេជ្ជបណ្ឌិត និងអ្នកឯកទេស X-Ray ។ សកម្មភាពស្រាវជ្រាវ ត្រូវបានធ្វើឡើងតាមបែបសកម្ម ដោយប្រើរថយន្តគ្លីនិកចល័តចុះទៅមូលដ្ឋានតាមតំបន់គោលដៅ។
លទ្ធផលរបស់គម្រោងដែលសម្រេចបាន គឺមាននៅលើទីតាំងចំនួន៩មណ្ឌលសុខភាព របស់បណ្តាស្រុកចំនួន៣ គឺនៅស្រុកអង្គរជុំ ស្រុកវ៉ារិន្ទ និងស្រុកពួក។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ថ្វីត្បិតតែគម្រោងនេះ ត្រូវបានដំណើរការនៅក្នុងវិបត្តិកូវីដ-១៩ និងមានការផ្អាកដំណើរការខ្លះៗក៏ពិតមែន ក៏ប៉ុន្តែគម្រោងនេះ នៅតែបានធ្វើដំណើរដល់គោលដៅយ៉ាងល្អ ក្រោមការពង្រឹងសមត្ថភាព ឈានទៅលុបបំបាត់ជំងឺរបេងនាពេលអនាគត។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់បច្ចុប្បន្ននេះ តួលេខនៃអ្នកជំងឺរបេងក្នុងខេត្តសៀមរាប នៅតែស្ថិតក្នុងកម្រិតគំរាមកំហែងនៅឡើយ ដូចនេះ មធ្យោបាយកាត់បន្ថយការឆ្លង និងបង្កើនការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺពិតជាមានតម្រូវការចូលរួមសហការពីសំណាក់កម្មវិធីរបស់អង្គការជាដៃគូអភិវឌ្ឍនានា។
ជាមួយនឹងការអនុវត្តគម្រោងនេះ សាធារណរដ្ឋកូរ៉េ បានជួយឧបត្ថម្ភយ៉ាងពេញទំហឹង ទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ។ ក៏ជាក្តីសង្ឃឹមផងដែរចំពោះភាគីពាក់ព័ន្ធដទៃទៀត ដែលបានគាំទ្រដល់កម្មវិធីស្រាវជ្រាវជំងឺរបេងនៅក្នុងខេត្តសៀមរាបកន្លងមក នឹងបន្តជួយជ្រោមជ្រែងដល់វិស័យសុខាភិបាល៕
អត្ថបទ៖ ងឹន គឹមឡេង