លោក Gholam-Reza Sadeghian និពន្ធនាយកនៃកាសែតអភិរក្សនិយម Javan បាននិយាយថា ប្រទេសអ៊ីរ៉ង់ អាចនឹងកាត់បន្ថយកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់ការដកចេញទាំងស្រុងនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការបញ្ឈប់ការគាំទ្ររបស់វ៉ាស៊ីនតោនចំពោះការប្រឆាំងផ្ទៃក្នុង។
លោកបានសរសេរថា៖«ផ្ទុយទៅវិញ អ៊ីរ៉ង់អាចយល់ព្រមកាត់បន្ថយកម្រិតនៃការចម្រាញ់អ៊ុយរ៉ានីញ៉ូមរបស់ខ្លួន។ ការធ្វើបែបនេះ មិនគួរត្រូវបានចាត់ទុកថា ជាប្រភេទសម្បទានណាមួយឡើយ។ ការរក្សាឧស្សាហកម្មនុយក្លេអ៊ែរ និងកម្រិតនៃការចម្រាញ់អ៊ុយរ៉ានីញ៉ូម សមស្របទៅនឹងគោលបំណងមិនមែនយោធា គឺជាអ្វីដែលយើងបានតស៊ូមតិ និងចង់បានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោក Sadeghian បានបន្ថែមថា ជាថ្នូរនឹងការរឹតត្បិតបែបនេះ និងការពង្រឹងការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រទេសនេះ គួរតែទទួលបានពីសហរដ្ឋអាមេរិកនូវ «ការដកទណ្ឌកម្មពេញលេញ និង ការបោះបង់ចោលនូវគោលនយោបាយនៃអរិភាពបើកចំហ រួមទាំងការគាំទ្រដល់ក្រុមប្រឆាំង»។
កិច្ចចរចាជុំទី១រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងបេសកជនពិសេសអាមេរិក លោក Steven Witkoff នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមេសា នៅប្រទេសអូម៉ង់។ អ៊ីរ៉ង់បានច្រានចោលការចរចាផ្ទាល់ ដោយពេញចិត្តការសម្រុះសម្រួលរបស់អូម៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Tammy Bruce បាននិយាយទម្លាក់សារៈសំខាន់នៃកិច្ចប្រជុំនេះ ដោយបញ្ជាក់ថា ព្រឹត្តិការណ៍នាពេលខាងមុខ គួរតែត្រូវបានពិពណ៌នាថា ជាកិច្ចប្រជុំ មិនមែនការចរចាទេ។