នៅថ្ងៃពុធនេះ កម្មកររោងចក្រនៅប្រទេសវៀតណាម បានបង្ហាញក្តីបារម្ភរបស់ពួកគេចំពោះសន្តិសុខការងារ ស្របពេលដែលពន្ធបដិការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើប្រទេសជាច្រើន បានចូលជាធរមាន ធ្វើឲ្យសង្រ្គាមពាណិជ្ជកម្មសកលលោកឡើងកម្តៅកាន់តែខ្លាំង ។
លោក Nguyen Trong Lai គឺជាកម្មកររោងចក្រ Samsung អាយុ ៣៥ឆ្នាំ និយាយថា ក្រុមហ៊ុននឹងរងផលប៉ះពាល់ខ្លាំង ហើយជាពិសេសកម្មករនឹងរងផលប៉ះពាល់ផងដែរ ។ កំណើនធុរកិច្ចនឹងធ្លាក់ចុះ ហើយឱកាសការងារនឹងតូចចង្អៀត ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Ho Duc Phoc គ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាលើការដំឡើងពន្ធចំនួន ៤៦ភាគរយ លើការនាំចេញរបស់វៀតណាម ដែលស្មើនឹងប្រហែល ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសមួយនេះ ។
វៀតណាមដែលជាប្រទេសពឹងផ្អែកលើការនាំចេញ និងជាមូលដ្ឋានផលិតក្នុងតំបន់សំខាន់សម្រាប់ក្រុមហ៊ុនលោកខាងលិចជាច្រើននោះ មាននូវអតិរេកពាណិជ្ជកម្មធំបំផុតទី ៤នៅក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាមេរិក ។ ពួកគេមានអតិរេកពាណិជ្ជកម្មតម្លៃ ១២៣,៥ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ៕