សៀមរាប៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើនលែងមានជឿ និងទំនុកចិត្ដលើព័ត៌មាន ឫដំណឹងក្លែងក្លាយបង្កើតឡើងដោយក្រុមអមិត្តនោះហើយ ព្រោះពួកគាត់បានអានថ្លឹងថ្លែងព័ត៌មានមិនពិតនោះយ៉ាងត្រឹមត្រូវ និងយកចិត្ដទុកដាក់បំផុត។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីផលប៉ះពាល់នៃដំណឹងក្លែងក្លាយ នៅខេត្ដសៀមរាប ព្រឹកថ្ងៃទី៣ខែធ្នូនេះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងថា ដំណឹងក្លែងក្លាយធ្វើឱ្យមហាជនបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ដោយសារការចែករំលែកបន្ត ដោយមិនបានមើលគ្រប់ជ្រុងជ្រោយ ហើយកម្ពុជាបានជួបប្រទះជាច្រើនណាស់មកហើយ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩នេះ។
ឯកឧត្ដម រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបន្ដថា តាមការសង្កេតឃើញកន្លងមក ប្រជាពលរដ្ឋភាគច្រើនបានងាកមកមើលព័ត៌មានរបស់ស្ថាប័នរដ្ឋវិញ ដោយផ្អែកលើភាពត្រឹមត្រូវ រហ័ស និងជឿទុកចិត្ត។ជាមួយគ្នានោះដែរ ឯកឧត្ដម បានបន្ថែមថា អ្នកសារព័ត៌មាន ក៏មានតួនាទីសំខាន់ ក្នុងការលុបបំបាត់នូវ ដំណឹងក្លែងក្លាយទាំងនោះ ក្នុងការជួយណែនាំ និងជួយធានានូវទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាល តាមរយៈផ្សាយព័ត៌មានពិត។
ឯកឧត្ដម ខៀវ កាញារីទ្ធ បញ្ជាក់ផងដែរថា ការអនុវត្តតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាលនៃជំងឺកូដ-១៩នេះ វាមានភាពចាំបាច់សម្រាប់អ្នកសារព័ត៌មាន ដែលជាសារមួយចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលការណ៍បន្ទន់ៗ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ បានទាន់ពេលវេលា ដែលជាសារតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍ថា កន្លងមកនេះ ទាក់ទងនឹងការរីករាលដាលនៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តកិច្ចសហប្រតិបត្តិការជាមួយ អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយ។
ឯកឧត្ដម បន្ដថា ជាលទ្ធផលករណីមួយចំនួនត្រូវបានភាគីពាក់ព័ន្ធ បានចូលរួមដោះស្រាយ និងលុបបំបាត់បានទាន់ពេលវេលា។ ក៏ប៉ុន្តែក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ត្រូវបានបង្កើត និងចែកចាយ ដោយសេរីក្នុងបណ្តាញសង្គម ដែលក្រសួងមិនអាចគ្រប់គ្រងបានទាំងស្រុង ដោយសារតែបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្តប្រទេសតាមបណ្ដោយទន្លេមេគង្គមានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ-ឡានឆាង" ។
ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួយនេះ យើងបានសម្រេចនូវគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលនឹងប្រកាសផ្សព្វផ្សាយនូវសៀវភៅស្តីពី ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលបានស្រាវជ្រាវកន្លងមកនេះ ៕




