នៅថ្ងៃពុធនេះ ពលរដ្ឋអ៊ីរ៉ង់ បានជួបជុំគ្នានៅទីក្រុងតេអេរ៉ង់ ដើម្បីបង្ហាញការគាំទ្រ និងការរួបរួមរបស់ពួកគេសម្រាប់ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ហើយនិងតវ៉ាប្រឆាំងយុទ្ធនាការទម្លាក់គ្រាប់បែកកំពុងបន្តរបស់អ៊ីស្រាអែលលើដែនដីមួយនេះ ។
ពួកគេបាននាំគ្នាដុតទង់ជាតិអ៊ីស្រាអែល និងស្រែកពាក្យស្លោក“ស្លាប់ទៅអ៊ីស្រាអែល” និងបង្ហាញការខឹងសម្បាររបស់ពួកគេចំពោះវិធានការដ៏ឃោឃៅរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ។
បាតុករមួយរូបដែលសុំមិនបញ្ចេញឈ្មោះ និងបានចូលរួមការដង្ហែក្បួននេះ និយាយថា តើហេតុអ្វីបានជាអ៊ីស្រាអែលត្រូវការយកគ្រោះមហន្តរាយទាំងអស់នេះដាក់លើកុមារប៉ាឡេស្ទីនបែបនេះទៅវិញ ។ លោកគ្មានអ្វីពាក់ព័ន្ធនឹងមនោគមវិជ្ជាណាមួយ ឬនរណាម្នាក់នោះទេ លោកគ្រាន់តែមកទីនេះ ដើម្បីការពារអ្នកដែលត្រូវបានគេគាបសង្កត់ ។
លោកបន្តថា ថ្ងៃនេះពួកយើងទាំងអស់គ្នា បានមកទីនេះ ដើម្បីគាំទ្រដល់ពលរដ្ឋហ្កាហ្សា និយាយប្រាប់ពួកគេថា ពួកយើងមិនបោះបង់ចោលពួកគេឡើយ មិនទុកឲ្យពួកគេនៅម្នាក់ឯងឡើយ ហើយពួកយើងតែងតែឈរខាងពួកគេ មិនសំខាន់ថាឧបទ្ទេវហេតុអ្វីបានកើតឡើងនោះទេ ។ គោលដៅរបស់លោកមកទីនេះ គឺដើម្បីការពារជនប៉ាឡេស្ទីន និងឈាមរបស់ជនរងគ្រោះប៉ាឡេស្ទីន និងដើម្បីការពារតំបន់ហ្កាហ្សា ៕