ភ្នំពេញ៖ ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា ការជួយផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ដល់រដ្ឋាភិបាល និងប្រជាជនប្រទេសឡាវ នឹងអាចជួយពង្រីកសេដ្ឋកិច្ចសង្គមឲ្យល្អប្រសើរឡើងវិញ។
ក្នុងឱកាសអញ្ជើញនាំយកវ៉ាក់សាំងចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ០៣គ្រឿង ផ្ដល់ដល់ប្រទេសឡាវ នៅថ្ងៃទី០៣ ខែធ្នូនេះ ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុន ហេង បានលើកឡើងថា ទោះ បីជាឋិតក្នុងកាលៈទេសៈលំបាកទាំងអស់គ្នា ប៉ុន្តែ កម្ពុជាអាចចែករំលែកនូវកម្លាំងកាយចិត្តថវិការួមទាំងសម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសឡាវ ក្នុងនាមជួយគ្នាទៅវិញទៅមក ដែលវាបានបង្ហាញនូវទឹកចិត្តទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយស្រោចស្រង់អាយុជីវិត មិនថាពលរដ្ឋខ្មែរ សូម្បីពលរដ្ឋនៅប្រទេសជិតខាង។
ឯកឧត្តម បានបន្តថា មួយវិញទៀត ការផ្ដល់នូវជំនួយវ៉ាក់សាំងនេះ អាចជួយពង្រីកនូវវិស័យសេដ្ឋកិច្ចសង្គម រវាងប្រទេសកម្ពុជា និងឡាវ ឲ្យមានភាពល្អប្រសើរឡើងវិញ ខណៈពលរដ្ឋ នៃប្រទេសទាំងពីរ មានសកម្មភាពឆ្លងកាត់ព្រំដែនទៅវិញទៅមកក្នុងការងារផ្សេងៗ។
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននាំយកអំណោយវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន៥០០ ០០០ដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង ពីរដ្ឋាភិបាល និងប្រជាជនកម្ពុជាជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ខណៈឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត កិកែវ ខៃខាំផុធូន ឧបនាយករដ្ឋមន្ត្រីឡាវ អញ្ជើញជាសាក្សីកិត្តិយសរបស់ភាគីឡាវផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធ