ភ្នំពេញ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញដឹកនាំសមាជិក សមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ ដោយបានធ្វើពិធីសូត្រមន្ត រាប់បាត្រដល់ព្រះសង្ឃ ព្រមទាំងកម្មវិធីរបាំត្រុដិ។
ពិធីនេះ បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី សុំពរសុំជ័យពីទេវតាឆ្នាំថ្មី ដើម្បីរួមចំណែកថែរក្សាប្រពៃណី និងអភិវឌ្ឍន៍ប្រទេស ក្នុងសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។
ឯកឧត្តមកិត្តិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបួងសួងសូមឱ្យបារមីវត្ថុស័ក្តិសិទ្ធិ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី តាមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការថ្វាយជូនព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
នាឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន អ្នកស្នេហាជាតិ អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានធ្វើមរណកាលក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែកឋានទៅកាន់ទីបរមលោកខាងមុខ សូមទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរមលោកកុំបីអាក់ខានឡើយ៕









