បើតាមប្រភពពីភាគីទាំង២ ដែលបានប្រាប់សារព័ត៌មានរ៉យទ័រក្នុងសប្តាហ៍នេះ បានឲ្យដឹងថា កិច្ចចរចាសន្តិភាព រវាងរដ្ឋាភិបាលកុងហ្គោ និងក្រុមឧទ្ទាម M23 គាំទ្រដោយប្រទេសរ៉្វាន់ដា ដែលគ្រោងធ្វើនៅថ្ងៃពុធ (ទី៩ ខែមេសា) នេះ ក្នុងទីក្រុងដូហា ប្រទេសកាតា ត្រូវបានពន្យារពេល ដោយមិនមានកំណត់កាលបរិច្ឆេទនាពេលខាងមុខ។
ភាគីទាំង២ នៅដើមខែនេះ បានលើកឡើងពីកិច្ចប្រជុំនេះថា ជាការចរចាដោយផ្ទាល់លើកដំបូង គិតចាប់តាំងពីក្រុមយុទ្ធជន M23 បានដណ្តើមកាន់កាប់ទីក្រុងធំជាងគេចំនួន ២ របស់កុងហ្គោ នៅភាគខាងកើត។ ការវាយលុកដ៏លឿនរហ័សនេះ បានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ បង្ខំមនុស្សរាប់សែននាក់ទៀតចាកចេញពីផ្ទះសម្បែងរបស់ពួកគេ និងធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗការរីករាលដាលជម្លោះក្នុងតំបន់។
គេមិនច្បាស់ទេថា ហេតុអ្វីបានជាកិច្ចប្រជុំនេះត្រូវបានពន្យារពេល។ ភាគីទាំង២ បានឲ្យដឹងថា ការអញ្ជើញមិនត្រូវបានបញ្ជូនមកនោះទេ ត្រឹមថ្ងៃចន្ទ។ មន្ត្រីកុងហ្គោម្នាក់ បានបង្ហើបថា «វាគ្រាន់តែជាបញ្ហារបស់ស្ថាប័ន»។
កាលពីខែមុន ប្រទេសកាតាបានរៀបចំឲ្យជំនួបដ៏គួរឲ្យភ្ញាក់ផ្អើលមួយ រវាងប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi និងប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame ក្នុងអំឡុងពេលដែលមេដឹកនាំទាំង២ បានអំពាវនាវឲ្យមានបទឈប់បាញ់៕