កម្មករក្រិករាប់ពាន់នាក់ បាននាំគ្នាដើរដង្ហែតវ៉ាតាមដងផ្លូវ នៅថ្ងៃពុធ (ទី៩ ខែមេសា) នេះ ខណៈដែលសហជីពធំជាងគេបំផុតរបស់ប្រទេសក្រិក បានអំពាវនាវឲ្យមានកូដកម្មទូទៅមួយ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល និងដោះស្រាយជាមួយការចំណាយខ្ពស់លើតម្លៃនៃការរស់នៅ។
កូដកម្មរយៈពេល ១ថ្ងៃ បានធ្វើឲ្យរថភ្លើងផ្អាកសេវាកម្ម នៅទូទាំងប្រទេស សាឡាងចតនៅកំពង់ផែមិនបានចេញដំណើរទៅណា ហើយជើងហោះហើរត្រូវបានផ្អាក ខណៈដែលបុគ្គលិករថយន្តក្រុង និងរថភ្លើងក្រោមដី នៅទីក្រុងអាតែន បាននាំគ្នាផ្អាកធ្វើការ។
ប្រទេសក្រិក បានងើបចេញពីវិបត្តិបំណុលឆ្នាំ ២០០៩-២០១៨ ដែលបានកាត់បន្ថយប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍ជាបណ្តើរៗ សម្រាប់ថវិកាសង្គ្រោះដែលមានតម្លៃប្រហែល ២៩០ពាន់លានអឺរ៉ូ។ បុគ្គលិកក្នុងវិស័យសាធារណៈដែលរងប៉ះពាល់ដោយសារវិធានការកាត់បន្ថយចំណាយរបស់រដ្ឋនេះ បានចូលរួមកូដកម្ម ដោយទាមទារប្រាក់រង្វាន់ប្រចាំឆ្នាំដែលត្រូវបានលុបចោលក្នុងទសវត្សរ៍កន្លងមក។
នៅឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសក្រិក ដែលត្រូវបានគេមើលឃើញថា មានកម្រិត ២,៣ភាគរយ បានវ៉ាដាច់សេដ្ឋកិច្ចរបស់បណ្ដាប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូផ្សេងទៀត។ សហជីពកម្មករ បាននិយាយថា រដ្ឋាភិបាលអភិរក្សនិយម បានដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន ៣៥ភាគរយ ពោលគឺឡើងដល់ ៨៨០អឺរ៉ូ ចាប់តាំងពីឆ្នាំ២០១៩។ ប៉ុន្តែគ្រួសារជាច្រើននៅតែជួបការលំបាក ក្នុងរកប្រាក់ចំណូលបំពេញតម្រូវការចាំបាច់ ក្នុងពេលដែលថ្លៃអាហារ ថាមពល និងលំនៅឋានឡើងកាន់តែខ្ពស់៕