ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយថា ប្រទេសរបស់លោក មិនរំពឹងថា នឹងជួបស្ថានភាពអវិជ្ជមាន សម្រាប់ពាណិជ្ជកម្ម ផលិតកម្ម និងការនាំចេញរបស់ខ្លួននោះទេ បន្ទាប់ពីវិធានាករពន្ធរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានចូលជាធរមាន នៅថ្ងៃពុធ (ទី៩ ខែមេសា) នេះ។
គួរបញ្ជាក់ថា ទួរគីស្ថិតក្នុងចំណោមបណ្ដាប្រទេសសេដ្ឋកិច្ចដែលគេចផុតពីអត្រាពន្ធបដិការខ្ពស់ ដោយត្រូវសហរដ្ឋអាមេរិកយកកម្រិតទាបបំផុតចំនួន ១០ភាគរយ ហើយត្រូវបានគេចាត់ទុកថា ស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចដែលកំពុងលេចឡើង ក្នុងនាមជាប្រទេសទទួលបានផលពីស្ថានការណ៍នេះ នាពេលខាងមុខ។
នៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភានសគណបក្សកំពុងកាន់អំណាច AK របស់លោក លោក Erdogan បាននិយាយថា កម្មវិធីសេដ្ឋកិច្ចរបស់ប្រទេសទួរគី បានបង្កើតជាភាពធន់ ចំពោះការប៉ះទង្គិចពីកត្តាខាងក្រៅ ហើយថា គេរំពឹងថា ប្រទេសនេះនឹងមានកំណើនសេដ្ឋកិច្ចកាន់តែរឹងមាំជាងមុន ក្នុងរយៈពេលពីមធ្យម ទៅវែង បើប្រៀបធៀបទៅនឹងប្រទេសមានកម្រិតប្រហាក់ប្រហែលគ្នា។
លោក Erdogan បានបន្ថែមថា៖ «មានភាពមិនប្រាកដប្រជាយ៉ាងធ្ងន់ធ្ងរ នៅក្នុងពិភពលោកសព្វថ្ងៃនេះ ប៉ុន្តែមានកម្មវិធីសេដ្ឋកិច្ចដ៏រឹងមាំដែលជួយបំភ្លឺផ្លូវដល់ប្រទេសទួរគី។ យើងគិតថា យើងនឹងជម្នះលើរយៈពេលនេះងាយស្រួលជាងប្រទេសជាច្រើនទៀត ដោយសារយើងជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលទទួលរងអត្រាពន្ធទាប»។
ប្រទេសទួរគី ដែលការនាំចេញដែក ដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួន បានទទួលរងផលប៉ះពាល់ពីការដំឡើងពន្ធនាំចូលនៅនេះមុនរបស់សហរដ្ឋអាមេរិក ឥឡូវនេះ ទំនងត្រៀមចាំទទួលបានអត្ថប្រយោជន៍ ខណៈពាណិជ្ជករពិភពលោកផ្សេងទៀត ត្រូវប្រឈមជាមួយអាត្រាពន្ធកាន់តែខ្ពស់៕