
ភ្នំពេញ៖ កម្ពុជាបានបញ្ជាទិញឱសថ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ជាឱសថប្រឆាំងវីរុស(Antiviral) ដែលប្រើសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួន ៤.០០០.០០០គ្រាប់។ នេះបើតាម Facebook: TYDA-គ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។
ប្រភពដដែលបញ្ជាក់បន្ថែមថា ការបញ្ជាទិញនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ដោ យក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី តំណាងដោយលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ បានចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាទិញឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ដែលជាឱសថប្រឆាំងវីរុស (Antiviral)ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញចំនួន ៤.០០០.០០០គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់ និងដាក់ឱ្យប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋ ព្រមទាំងចែកចាយដល់វិស័យឯកជន រួមមាន ឱសថស្ថាន និងគ្លីនិកឯកជនផងដែរ៕ ដោយ៖ គង់ ឌិន


