ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (០៩ មេសា) បានផ្អាករយៈពេល ៩០ថ្ងៃលើការដំឡើងពន្ធជាច្រើន ប៉ុន្តែមិនបានបញ្ឈប់ពន្ធ ២៥% លើការនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្តនោះទេ ដែលរឿងនេះបានទាក់ទាញការរិះគន់ខ្លាំងៗពីបណ្ដាអាជីវកម្ម និងក្រុមរថយន្តជាច្រើន ជាពិសេសនៅរដ្ឋ Michigan។

សម្ព័ន្ធពាណិជ្ជកម្មតំបន់ Detroit និងស្ថាប័ន MichiganAuto បានអំពាវនាវឱ្យលោក Trump ការពារក្របខណ្ឌខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិដ៏ស្មុគស្មាញរបស់ឧស្សាហកម្មរថយន្តអាមេរិក មិនឱ្យត្រូវបំផ្លាញ ដែលអាចបង្កគ្រោះថ្នាក់ និងធ្វើឱ្យការប្រកួតប្រជែងជាសាកលរបស់ខ្លួនចុះខ្សោយ។

ស្ថាប័នពាណិជ្ជកម្មទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ឧស្សាហកម្មដ៏លេចធ្លោរបស់រដ្ឋ Michigan និងខ្សែច្រវាក់ផ្គត់ផ្គង់ និងនិយោជិតដែលទ្រទ្រង់បណ្ដាញនេះ នឹងបន្តស៊ូទ្រាំនឹងភាពមិនច្បាស់លាស់ និងការរំខាននៃគោលនយោបាយពាណិជ្ជកម្មដែលប្រែប្រួលមិនទៀងទាត់ទាំងនេះ"។

គួរឱ្យដឹងថា ពន្ធ ២៥% របស់លោក Trump លើយានយន្តផលិតនៅបរទេស ដែលនាំចូលទៅសហរដ្ឋអាមេរិក បានចូលជាធរមានកាលពីសប្ដាហ៍មុន ប៉ុន្តែផលប៉ះពាល់នៃការយកពន្ធថ្មីលើវិនិយោគិន និងឧស្សាហកម្មរថយន្តពិភពលោក នឹងកើតមានក្នុងពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំទៅមុខទៀត ដែលអាចបំផ្លាញវិស័យមួយនេះ៕