ដោយនឿយហត់ពីការដាក់ទណ្ឌកម្មដ៏យូរឆ្នាំ និងការព្រួយបារម្ភពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពយោធា ពេលនេះប្រជាជនអ៊ីរ៉ង់ កំពុងតែសង្ឃមខ្ពស់ទៅនឹងការរំពឹងទុកនៃកិច្ចពិភាក្សានៅចុងសប្តាហ៍នេះជាមួយភាគីអាមេរិក ដែលអាចជួយជំរុញទីផ្សារភាគហ៊ុនរបស់ពួកគេ និងរូបិយប័ណ្ណដែលធ្លាក់ចុះ។

កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅប្រទេសអូម៉ង់ គឺដើម្បីដោះស្រាយជម្លោះដ៏យូរអង្វែងរវាងអ៊ីរ៉ង់ និងលោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ទោះបីជាមន្ត្រីអ៊ីរ៉ង់មានការសង្ស័យចំពោះវឌ្ឍនភាពក៏ដោយ ហើយប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមម្តងហើយម្តងទៀតថានឹងវាយប្រហារ ប្រសិនបើកិច្ចព្រមព្រៀងមួយមិនអាចឈានដល់។

ពលរដ្ឋអ៊ីរង់ជាច្រើនដែលត្រូវបានសម្ភាសន៍ នៅតែមានគំនិតទុទិដ្ឋិនិយមពីអនាគត ប៉ុន្តែឱកាសតិចតួចនៃកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីអាមេរិកដែលតែងតែអួតពីជំនាញចរចារបស់ខ្លួនរូបនេះ បានធ្វើឱ្យមនុស្សមួយចំនួនមានសុទិដ្ឋិនិយមថាអាចមានកិច្ចព្រមព្រៀងដើម្បីបញ្ចៀសការគំរាមវាយប្រហារនោះ។

អ៊ីរ៉ង់មានទំនាក់ទំនងតានតឹងជាមួយមហាអំណាចលោកខាងលិច និងប្រទេសធំៗផ្សេងទៀតជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩មក ជាពិសេសចាប់តាំងពីឆ្នាំ២០០៣ នៅពេលជម្លោះលើកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន បានឈានទៅដល់ដំណាក់កាលសំខាន់។
មន្ត្រីអ៊ីរ៉ង់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីខែមីនាថា ថ្វីបើមានវោហាសាស្ត្រតឹងតែងក៏ដោយ ក៏សាធារណរដ្ឋអ៊ិស្លាមមួយនេះនៅតែអាចយល់ព្រមពិភាក្សា ដោយសារតែការភ័យខ្លាចថា កំហឹងចំពោះសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ អាចបង្កឱ្យមានការតវ៉ាក្នុងប្រទេស៕