ស្វាយរៀង៖ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ និងរបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាព នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដែលគាំទ្រថវិកាដោយអង្គការ Light for the world សហការជាមួយក្រុមកាកបាទឃុំ និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ ចុះអប់រំផ្សព្វផ្សាយស្តីពីអនុក្រឹត្យថ្មីការពិន័យអន្ដរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកនានា ការលើកកម្ពស់សិទ្ធជនពិការ អំពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ ការពារ ៣ កុំ ២ ចូលរួម នៅសង្កាត់ស្វាយតឿ បាន ៧ ភូមិ និងឃុំបាសាក់ បាន ៥ ភូមិ មានអ្នកចូលរួមសរុបចំនួន ១៨៨ នាក់ ស្រី ១១៩ ជនពិការ ៣នាក់។
ក្នុងរយៈពេល ៣ ថ្ងៃនេះក្រុមការងារសាខា បានចុះអប់រំផ្សព្វផ្សាយតាមទីសាធារណៈ និងនៅសហគមន៍ ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវឱ្យគោរពច្បាប់ចរាចរណ៍ និងបានចែកខិតប័ណ្ណ កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ ប័ណ្ណអនុក្រឹត្យផាកពិន័យអន្តរការថ្មី បញ្ញតិស្តីពីឥទ្ធិពលគ្រឿងស្រវឹង ស្ទីកគ័រចំណាំងផ្លាតម៉ូតូ ខិតប័ណ្ណពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងខិតប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងការលើកកម្ពស់គោលការណ៍គ្រឹះ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបង្កនូវ ផលលំបាកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ ដោយបានបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុក នូវជនរងគ្រោះ ជនពិការ ក្មេងកំព្រា ស្ត្រីម៉េម៉ាយ គ្រួសារក្រីក្រ។ ល ។
បញ្ហានេះ បានទាក់ទាញ នូវការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៏ តាមរយៈការបង្កើតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិ ទស្សវត្ស សុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ ឆ្នាំ ហើយការផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំណងអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាទាំងអ្នកបើកបរ និងអ្នករួមដំណើពីក្រោយ គ្រប់ពេលវេលាដែលធ្វើចរាចរណ៍តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានាសុវត្ថិភាព កុំឲ្យមានរបួសក្បាលបណ្តាលឲ្យ ស្លាប់បើគ្មានមួកសុវត្ថិភាព កុំបើកបរ និងជិះពីក្រោយ។ ត្រូវគោរពច្បាប់ចរាចរណ៏ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើងសញ្ញាបត់។ល។ ហើយគ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាឃាតករសម្លាប់ជីវិត មនុស្ស នៅលើដងផ្លូវសាធារណៈជាច្រើនបំផុត និងបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ដែលមានមនុស្សស្លាប់ និងច្រើនពាន់អ្នកផ្សេងទៀតរងរបួសធ្ងន់ ស្រាល ធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាច្រើនរយលានដុល្លារ៕ អត្ថបទ៖ គង់ ហួន