ភាគហ៊ុនសកលបានកើនឡើងវិញ ប្រាក់ដុល្លារបានរកឃើញជំហររបស់ខ្លួន ហើយការលក់មូលបត្របំណុលមានស្ថិរភាព ប៉ុន្តែភាគហ៊ុនអាមេរិក បែរជាធ្លាក់ចុះ នៅថ្ងៃព្រហស្បតិ៍ (១០ មេសា) នេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump និយាយថាលោកនឹងផ្អាកជាបណ្តោះអាសន្ននូវពន្ធធ្ងន់ៗ ដែលលោកទើបតែដាក់លើប្រទេសរាប់សិប។

បន្ទាប់ពីការច្របូកច្របល់ទីផ្សារអស់ជាច្រើនថ្ងៃ ដែលខាតប្រាក់រាប់ពាន់លានដុល្លារពីភាគហ៊ុនសកល លោក Trump កាលពីថ្ងៃពុធ (០៩ មេសា) បានប្រកាសផ្អាក ៩០ថ្ងៃ លើពន្ធថ្មីជាច្រើនរបស់លោក។ ក្រោយប្រកាសរួចភ្លាមៗ ផ្សារហ៊ុន Wall Street របស់អាមេរិក កើនឡើង និងបានតម្លៃទីផ្សារជាង ១,៥សែនកោដិ៍ដុល្លារក្នុងពេលមួយយប់កាលពីថ្ងៃពុធ ប៉ុន្តែភាគហ៊ុនអាមេរិក ស្រាប់តែធ្លាក់ចុះវិញនៅថ្ងៃព្រហស្បតិ៍នេះ ដោយហ៊ុន Nasdaq ធ្លាក់ ០,៧% និងហ៊ុន S&P 500 រអិលចុះ ០,៣%។

យ៉ាងណាមិញនៅអាស៊ី វិនិយោគិននៅតែអបអរចំពោះការដកពន្ធបណ្ដោះអាសន្ន ដោយនៅថ្ងៃព្រហស្បតិ៍នេះ Nikkei របស់ជប៉ុន ឡើងដល់ទៅ ៨% សន្ទស្សន៍ Blue-chip CSI300 របស់ចិន ឡើង ១,៦% និង Hang Seng របស់ក្រុងហុងកុង ងើបបាន ៣,៣% ខណៈភាគហ៊ុននៅអឺរ៉ុប ក៏ងើបឡើងវិញផងដែរ ជាមួយនឹងភាគហ៊ុន EUROSTOXX 50 និង DAX បានកើនឡើងប្រហែល ៨% រៀងគ្នា រួមទាំងហ៊ុន FTSE ឡើងបាន ៥,៥%។

គួរឱ្យដឹងថា ការផ្អាករបស់លោក Trump លើពន្ធជាក់លាក់មួយចំនួននេះ គឺមិនមែនទាំងស្រុងទេ ដោយសេតវិមាននិយាយថា ពន្ធមូលដ្ឋាន ១០% លើការនាំចូលស្ទើរតែទាំងអស់របស់អាមេរិក នឹងនៅតែជាធរមាន។ សេចក្តីប្រកាសផ្អាកនេះ ក៏ហាក់ដូចជាមិនរួមបញ្ចូលទាំងពន្ធលើរថយន្ត ដែកថែប និងអាលុយមីញ៉ូមដែលមានស្រាប់នោះដែរ៕