កូដកម្មទូទាំងប្រទេសបានរំខានដល់សេវាកម្មសាធារណៈនៅទូទាំងប្រទេសក្រិក ដោយនាវាចម្លងត្រូវបានចតចោលនៅតាមកំពង់ផែ ផ្អាកជើងហោះហើរ និងការដឹកជញ្ជូនសាធារណៈដែលដំណើរការតែក្រៅម៉ោងប៉ុណ្ណោះ ខណៈសហជីពកម្មករទាមទារប្រាក់ឈ្នួលខ្ពស់ដើម្បីទប់ទល់នឹងការកើនឡើងថ្លៃនៃទំនិញនៅតាមទីផ្សារដែលបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

កូដកម្មរយៈពេល ២៤ម៉ោងកាលពីថ្ងៃពុធសប្ដាហ៍នេះ ត្រូវបានកោះហៅដោយសហជីពសំខាន់ៗចំនួនពីរដែលគ្របដណ្តប់វិស័យសាធារណៈនិងឯកជន ដោយស្វែងរកការត្រឡប់មកវិញពេញលេញនៃសិទ្ធិចរចាប្រឆាក់ឈ្នួលសមូហភាពដែលត្រូវបានលុបចោលជាផ្នែកមួយនៃជំនួយសង្គ្រោះអន្តរជាតិក្នុងអំឡុងពេលវិបត្តិហិរញ្ញវត្ថុរបស់ប្រទេសក្រិក។
ប្រទេសក្រិកបានងើបចេញពីវិបត្តិបំណុលឆ្នាំ ២០០៩ ដល់២០១៨ ដែលបានកាត់បន្ថយប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍ជាបណ្តើរៗសម្រាប់ការសង្គ្រោះដែលមានតម្លៃប្រហែល ២៩០ ពាន់លានអឺរ៉ូ ស្មើ ៣១៩ ពាន់លានដុល្លារ និងកំណើនសេដ្ឋកិច្ចត្រូវបានគេមើលឃើញថាមានចំនួន ២,៣ ភាគរយនៅឆ្នាំនេះ ដែលលើសពីសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ូផ្សេងទៀត។
សហជីពការងារនិយាយថា ដោយពឹងផ្អែកលើការរីកចម្រើនរបស់ប្រទេសនេះ រដ្ឋាភិបាលអភិរក្សនិយមបានដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន៣៥ភាគរយដល់៨៨០ អឺរ៉ូ ស្មើ ៩៧០ ដុល្លារអាមេរិក ។ ប៉ុន្តែគ្រួសារជាច្រើននៅតែជួបការលំបាកក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃស្របពេលមានការកើនឡើងថ្លៃម្ហូបអាហារ ថាមពល និងតម្លៃជួលផ្ទះ៕