តម្លៃប្រេងបានធ្លាក់ចុះប្រហែល ១% ទៀតហើយនៅថ្ងៃព្រហស្បតិ៍ (១០ មេសា) នេះ ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump បង្កើនសង្រ្គាមពាណិជ្ជកម្មកាន់តែធំជាមួយប្រទេសចិន ដោយការយកពន្ធកាន់តែខ្ពស់ បើទោះបីជាលោកបានប្រកាសផ្អាករយៈពេល ៩០ថ្ងៃលើការដំឡើងពន្ធសម្រាប់ប្រទេសដទៃជាច្រើនទៀតក៏ដោយ។

ហ៊ុនប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ៧៣សេន ស្មើនឹង ១,១% មកនៅត្រឹម ៦៤,៧៣ដុល្លារ ក្នុងមួយបារ៉ែល នៅត្រឹមម៉ោង ០១:០៨ រំលងអាធ្រាត្រ (ម៉ោងសកល) ខណៈភាគហ៊ុនប្រេងឆៅរបស់អាមេរិក WTI បានថយចុះ ៤៩សេន ឬ ០,៨% មកនៅត្រឹម ៦១,៨៦ដុល្លារ ក្នុងមួយបារ៉ែល។

ការធ្លាក់ចុះនេះ កើតឡើងក្រោយសន្ទស្សន៍ទើបតែបានឡើងខ្ពស់បន្តិចជាង ៤% កាលពីថ្ងៃពុធមុននោះ បន្ទាប់ពីបានធ្លាក់ ៧% ក្នុងអំឡុងពេលវគ្គជួញដូរមុនៗ។

ខណៈដែលប្រកាសផ្អាកពន្ធលើប្រទេសជាច្រើន លោក Trump បែរជាដំឡើងអត្រាពន្ធសម្រាប់ប្រទេសចិន ដល់ ១២៥% មានប្រសិទ្ធភាពភ្លាមៗ ពីតួលេខ ១០៤% ពីមុន ដែលបានចាប់ផ្ដើមចូលជាធរមានកាលពីថ្ងៃពុធ។ ប្រទេសចិន ក៏បានប្រកាសពន្ធសងសឹក ៨៤% លើការនាំចូលបន្ថែមលើទំនិញរបស់អាមេរិក ចាប់ពីថ្ងៃព្រហស្បតិ៍ ១០ មេសា នេះ ដែលបង្កើនក្ដីបារម្ភសកលលោកកាន់តែខ្លាំង៕