ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីខែមុន នៅសហភាពមីយ៉ាន់ម៉ា បានបន្តកើនឡើងដល់ ៣.៦៤៩នាក់ គិតត្រឹមថ្ងៃពុធ (០៩ មេសា) ខណៈអាជ្ញាធររៀបចំការបោះឆ្នោត បានបញ្ជាក់ឡើងវិញនូវផែនការសម្រាប់ការបោះឆ្នោតជាតិមីយ៉ាន់ម៉ា នៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ។

គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា នោះក៏បានធ្វើឱ្យមនុស្សចំនួន ៥.០១៨នាក់រងរបួស និង ១៤៥នាក់នៅតែបាត់ខ្លួន នេះបើយោងតាមសារព័ត៌មានស៊ីនហួរ។ ជាមួយគ្នានេះ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសជិតខាង ថៃ ដោយសារអគារខ្ពស់កំពុងសាងសង់មួយកន្លែងបានបាក់រលំពេលរញ្ជួយដីដូចគ្នានេះ មានលើសពី ២០នាក់ ខណៈមនុស្ស ៧២នាក់ នៅតែបាត់ខ្លួន នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

គេហទំព័រព័ត៌មាន The Irrawaddy ដែលគ្រប់គ្រងដោយជននិរទេសមីយ៉ាន់ម៉ានៅថៃបាននិយាយថា គណៈកម្មការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ បានរំលឹកឡើងវិញថា ផែនការរៀបចំការបោះឆ្នោតនៅក្នុងខែធ្នូ ឆ្នាំ២០២៥នេះ ឬខែមករា ឆ្នាំ២០២៦ នៅតែបន្តទៅមុខ ទោះមានគ្រោះធម្មជាតិដ៏កាចសាហាវនេះក៏ដោយ។

គណៈកម្មការជំរុញឱ្យអ្នកដែលចង់បង្កើតគណបក្សនយោបាយ ទៅដាក់ពាក្យត្រឹមថ្ងៃទី៩ ខែឧសភា។ គួរឱ្យដឹងថា ប្រមុខរដ្ឋាភិបាល លោក Min Aung Hlaing បាននិយាយកាលពីខែមុនរួចហើយថា ប្រទេសនេះនឹងរៀបចំការបោះឆ្នោតនៅខែធ្នូ ឬខែមករាខាងមុខ៕