ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍១០មេសានេះថា ប្រទេសចិន និងសហភាពអឺរ៉ុប បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក លើការពង្រឹងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការពាណិជ្ជរវាងគ្នានិងគ្នា ជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងចិនខាងលើបាននិយាយថា ក្នុងជំនួបតាមវីដេអូ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ចិន លោក Wang Wentao បានពិភាក្សាជាមួយស្នងការសន្តិសុខសេដ្ឋកិច្ច និងពាណិជ្ជកម្មអឺរ៉ុប លោក Maros Sefcovic ពីការចាប់ផ្ដើមឡើងវិញនៃការពិភាក្សាលើការបន្ធូរបន្ថយពាណិជ្ជកម្ម និងដើម្បីរៀបចំការចរចាភ្លាមៗ លើការប្ដេជ្ញាចិត្តតលើម្លៃរថយន្តអគ្គិសនី។

ការសន្ទនានេះបានកើតឡើងភ្លាមៗ មុនពេលការដំឡើងពន្ធបន្ថែមរបស់ប្រធានាធិបតីអាមេរិក Donald Trump លើប្រទេសចិនបានចូលជាធរមាន។
ស្នងការអឺរ៉ុប បានប្រកាសថា សហភាពអឺរ៉ុប អាចដំឡើងពន្ធសងសឹកក្នុងទំហំទឹកប្រាក់ជិត២១ពាន់លានអឺរ៉ូ លើផលិតផលអាមេរិក ដូចជាសណ្ដែកសៀង ទោចក្រយានយន្ត និងទឹកក្រូច បន្ទាប់ពីប្លុក២៧ប្រទេសមួយនេះ ឯកភាពលើវិធានការនានាកាលពីថ្ងៃពុធ។
សហភាពអឺរ៉ុបមិនទាន់បានឆ្លើយតបទៅនឹងការដំឡើងពន្ធចុងក្រោយ២៥%របស់លោក Trump លើរថយន្តឬឱសថនាំចូលអាមេរិក ដែលមេដឹកនាំអាមេរិករូបនេះ និយាយថានឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ នៅឡើយទេ។

លោក Trump កាលពីថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសផ្អាកការដំឡើងពន្ធលើប្រទេសរាប់សិបរយៈពេល៩០ថ្ងៃសម្រាប់ការចរចាដែលនៅតែបន្ត តែបង្កើនសម្ពាធលើចិនកាន់តែខ្លាំងដោយបានដំឡើងពន្ធរហូតដល់១២៥%៕