សាច់ញាតិជនរងគ្រោះនៃការបាក់រលំដំបូលដ៏មហន្តរាយនៅសាធារណរដ្ឋដូមីនីក នៅតែសង្ឃឹមសម្រាប់ដំណឹងល្អនៅទីក្រុង Santo Domingo។ អាជ្ញាធរ បាននិយាយកាលពីថ្ងៃពុធថា ការបាក់រលំដំបូល ដែលបានកើតឡើងកាលពីថ្ងៃអង្គារ ទី៨ ខែមេសា នៅក្លឹបដ៏ពេញនិយមមួយកន្លែងក្នុងរដ្ឋធានីនៃសាធារណរដ្ឋដូមីនីក រហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្សជិត២០០នាក់ ខណៈការស្វែងរកអ្នកនៅរស់រានមានជីវិតមានសង្ឃឹមតិច។

ពេញមួយយប់ថ្ងៃពុធ ក្រុមគ្រួសារបានរង់ចាំនៅខាងក្រៅក្លឹបរាត្រី Jet Set ក្នុងទីក្រុង Santo Domingo ក្នុងភាពអន្ទះសារអំពីព័ត៌មានសាច់ញាតិរបស់ពួកគេដែលបានបាត់ខ្លួន និងបានចែករំលែករូបថតជាមួយនគរបាល។ មនុស្សជាង១៥០នាក់ ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែកកាលពីថ្ងៃអង្គារ។ ទោះជាយ៉ាងណា ចាប់តាំងពីរសៀលថ្ងៃនោះមក អាជ្ញាធរពុំបានទាញយកមនុស្សណាម្នាក់ដែលនៅរស់រានមានជីវិតឡើយ។ ក្រុមសង្គ្រោះបន្ទាន់ បានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។

នៅកន្លែងកើតហេតុ សាច់ញាតិរបស់អ្នកដែលរកមិនឃើញមនុស្សជាទីស្រលាញ់របស់ពួកគេ បានបង្ហាញការមិនសប្បាយចិត្តដោយការខ្វះព័ត៌មាន និងពេលវេលាស្វែងរក។