ក្រសួងឧតុនិយមរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ បានចេញការព្រមានអំពីរលកកម្តៅខ្លាំង នៅទូទាំងផ្នែកជាច្រើននៅភាគខាងលិច និងភាគខាងជើងប្រទេសឥណ្ឌា រួមមាននៅទីក្រុងDelhi រដ្ឋរ៉ាចាស្ថាន(Rajasthan) និងរដ្ឋអ៊ុតតា ប្រទេស(Uttar Pradesh)។

ទីក្រុងរាប់សិប បានកត់ត្រាសីតុណ្ហភាពលើសពី៤០អង្សាសេ នៅសប្តាហ៍នេះ ខណៈអាកាសធាតុក្តៅបានចូលមកដល់លឿនជាងធម្មតា។
នៅរដ្ឋធានីញូវឌេលីរបស់ឥណ្ឌា ប្រជាជនបានស្វែងរកមធ្យោបាយធ្វើឲ្យត្រជាក់ អំឡុងពេលពួកគេទៅទស្សនាវិមានអនុស្សាវរីយ៍សង្រ្គាមនៅច្រកទ្វារប្រទេសឥណ្ឌា ខណៈសីតុណ្ហភាពបានឡើងដល់ជាង៤០អង្សាសេ។

បុគ្គលិកម្នាក់នៅហាងលក់ម៉ាស៊ីនត្រជាក់នៅក្រុង Kanpur បាននិយាយថា លោករំពឹងថាតម្លៃម៉ាស៊ីនត្រជាក់នឹងកើនឡើង ខណៈជាងស្មូននៅរដ្ឋ Rajasthan និយាយថាពួកគេកំពុងមើលឃើញការកើនឡើងតម្រូវការឆ្នាំងដីបែបបុរាណ ដែលជួយរក្សាទឹកឲ្យនៅត្រជាក់ក្នុងសីតុណ្ហភាពខ្ពស់។
កាលពីខែមុន មន្ត្រីឧតុនិយមរបស់ប្រទេសឥណ្ឌា បាននិយាយថា ផ្នែកភាគច្រើនរបស់ប្រទេសឥណ្ឌានឹងជួបប្រទះរលកកម្តៅខ្លាំងនៅរដូវក្តៅនេះ ដោយសីតុណ្ហភាពខ្ពស់ជាងធម្មតាត្រូវបានរំពឹងទុកនៅទូទាំងប្រទេស។