ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីននិយាយថា អាជ្ញាធរអ៊ីស្រាអែលបានបញ្ជាឱ្យបិទសាលារៀនដែលខ្លួនធ្វើប្រតិបត្តិការនៅទីក្រុងហ្សេរុយសាឡឹមខាងកើត។

អគ្គស្នងការ ទីភ្នាក់ងារUNRWA លោក Philippe Lazzarini បាននិយាយថា អាជ្ញាធរបានបញ្ជាឱ្យសាលារៀនចំនួន៦កន្លែងនៅក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើត ឲ្យបិទទ្វារក្នុងពេល៣០ថ្ងៃ។ តំបន់នេះត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ហើយពលរដ្ឋប៉ាឡេស្ទីនជាច្រើន រស់នៅទីនោះ។

លោក Lazzarini បានច្រានចោលបទបញ្ជានេះ និងបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ទីភ្នាក់ងារUNRWA ប្តេជ្ញាបន្តនៅ និងផ្តល់ការអប់រំ និងសេវាកម្មមូលដ្ឋានផ្សេងទៀត ដល់ជនភៀសខ្លួនប៉ាឡេស្ទីន។
អ៊ីស្រាអែល បានអនុម័តច្បាប់កាលពីខែមករា ហាមឃាត់សកម្មភាពរបស់ទីភ្នាក់ងារ UNRWA នៅក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីបានចោទប្រកាន់បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះ ថាជាប់ពាក់ព័ន្ធក្នុងការវាយប្រហារឆ្លងព្រំដែនជាមួយក្រុមហាម៉ាសអ៊ីស្លាមនិយម ក្នុងខែតុលាឆ្នាំ ២០២៣ ។
ចាប់តាំងពីច្បាប់នេះចូលជាធរមាន ការិយាល័យរបស់ទីភ្នាក់ងារ UNRWA នៅទីក្រុងហ្សេរុយសាឡឹម ត្រូវបានបិទ ហើយទីភ្នាក់ងារនេះ មិនអាចពិភាក្សាជាមួយអាជ្ញាធរអ៊ីស្រាអែលអំពីសកម្មភាពរបស់ខ្លួនបានឡើយ។ នេះបានធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។