ការដំឡើងពន្ធសងសឹករបស់ប្រទេសចិន សរុបដល់ទៅ ៨៤% លើទំនិញរបស់សហរដ្ឋអាមេរិក ដែលនាំចូលទៅកាន់ប្រទេសនេះ បានចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ១០ មេសា នេះ ដែលបង្ហាញពីការមិនរាថយរបស់ទីក្រុងប៉េកាំង និងភាពតានតឹងពាណិជ្ជកម្មកាន់តែជ្រៅ ជាមួយសហរដ្ឋអាមេរិក។

អត្រាពន្ធសងសឹករបស់ចិន នេះបានចូលជាធរមាននៅពាក់កណ្ដាលថ្ងៃត្រង់ ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃពុធ បានបង្កើនពន្ធសរុបលើទំនិញចិន ដល់តួលេខ ១២៥% ខណៈលោកផ្ដល់ការផ្អាករយៈពេល ៩០ថ្ងៃនៃការយកពន្ធ "បដិការ" របស់លោកលើប្រទេសផ្សេងទៀតជាច្រើន។

ទីក្រុងប៉េកាំង ចាត់ទុកការដំឡើងពន្ធរបស់អាមេរិក ថា "គ្មានមូលដ្ឋាន" ហើយបានហៅថាជា "ការគំរាមកំហែងឯកតោភាគី" និងប្ដេជ្ញាតតាំងដល់ទីបញ្ចប់។ អ្នកជំនាញពិភពលោកបានបន្តព្រមានថា ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ នឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។

គួរឱ្យដឹងថា ការផ្អាករបស់លោក Trump លើពន្ធជាក់លាក់មួយចំនួននេះ គឺមិនមែនទាំងស្រុងទេ ដោយសេតវិមាននិយាយថា ពន្ធមូលដ្ឋាន ១០% លើការនាំចូលស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក នឹងនៅតែមានជាធរមាន។ ការផ្អាកនោះ ក៏ហាក់ដូចជាមិនរួមបញ្ចូលទាំងពន្ធលើរថយន្ត ដែកថែប និងអាលុយមីញ៉ូមដែលមានស្រាប់នោះដែរ៕