រដ្ឋាភិបាលរបស់ប្រទេសចិន កាលពីថ្ងៃពុធ (០៩ មេសា) បានព្រមានប្រជាពលរដ្ឋរបស់ខ្លួនអំពីការធ្វើដំណើរ និងការសិក្សាទៅកាន់សហរដ្ឋអាមេរិក ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនទៅ រួមទាំងសង្គ្រាមពាណិជ្ជកម្មកាន់តែធំ ដោយសារតែរឿងដំឡើងពន្ធ។

ប្រជាជាតិអាស៊ីមួយនេះ បានលើកឡើងពីទំនាក់ទំនងការទូតកាន់តែអាក្រក់ និងកង្វល់សន្តិសុខក្នុងស្រុក ដោយក្រសួងវប្បធម៌ និងទេសចរណ៍ព្រមានអ្នកដំណើរទៅអាមេរិក ឱ្យប្រុងប្រយ័ត្ន ហើយក្រសួងអប់រំចិន លើកទឹកចិត្តដល់សិស្សនិស្សិតមិនឱ្យធ្វើដំណើរទៅបរទេសទេក្នុងអំឡុងពេលនេះ។

ការព្រមាននេះត្រូវបានធ្វើឡើង ខណៈពន្ធបន្ថែមសរុបដល់ ៨៤% លើទំនិញទាំងអស់របស់អាមេរិក ដែលចូលទៅចិន បានចូលជាធរមាន ក្នុងការឆ្លើយតបទៅនឹងពន្ធដ៏ច្រើនរបស់អាមេរិក លើទំនិញចិន កាលពីថ្ងៃពុធ ខណៈពេលនេះពន្ធលើទំនិញចិនសរុបឡើងដល់ទៅ ១២៥%។ ទីក្រុងប៉េកាំង ចាត់ទុកការដំឡើងពន្ធនេះថា "គ្មានមូលដ្ឋាន" ហើយបានហៅថាជា "ការគំរាមកំហែងឯកតោភាគី"។

គួររម្លឹកថា ក្នុងអំឡុងវិបត្តិកូវីដ១៩ ប្រទេសចិន បានចេញការព្រមានអំពីការធ្វើដំណើរទៅអាមេរិកបែបនេះ នៅក្នុងខែមេសា ឆ្នាំ២០២០ នៅពេលដែលក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានស្នើពលរដ្ឋកុំឱ្យទៅទីនោះ ដោយសារតែ "វិធានការការពារកូវីដ១៩ ហួសប្រមាណ និងស្ថានភាពសន្តិសុខក្នុងស្រុក"៕