ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃពុធ (០៩ មេសា) ថា ប្រទេសបារាំង អាចនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយនៅក្នុងខែមិថុនា ឆាប់ៗខាងមុខនេះ ដោយបន្ថែមថា បន្ទាប់មកប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាក៏អាចនឹងទទួលស្គាល់រដ្ឋអ៊ីស្រាអែលផងដែរ។

លោក Macron បាននិយាយក្នុងបទសម្ភាសន៍មួយលើទូរទស្សន៍បារាំងលេខ៥ ថា "ទីក្រុងប៉ារីស ត្រូវតែឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ដូច្នេះក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលប្រហែលជាខែមិថុនា រឿងនេះនឹងកើតឡើង ហើយមិនមែនដើម្បីផ្គាប់ចិត្តនរណាម្នាក់ទេប៉ុន្តែនេះជារឿងត្រឹមត្រូវ"។

លោកបន្តថា "បារាំងចង់ចូលរួមក្នុងសមូហភាពដែលថា ប្រទេសដែលការពារប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល ក៏គួរតែទទួលស្គាល់រដ្ឋអ៊ីស្រាអែលវិញផងដែរ"។

ទោះបីជាប៉ាឡេស្ទីន ត្រូវបានទទួលស្គាល់ថាជារដ្ឋអធិបតេយ្យភាពដោយប្រទេសជិត ១៥០ក៏ដោយ ប៉ុន្តែមហាអំណាចលោកខាងលិចភាគច្រើនមិនទទួលស្គាល់ទេ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន។ ជាមួយគ្នានេះ ក្នុងចំណោមប្រទេសជាច្រើនដែលមិនទទួលស្គាល់អ៊ីស្រាអែល រួមមានអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងយេម៉ែនជាដើម៕