សមាជិកការិយាល័យនយោបាយរបស់ក្រុមហ៊ួទីនៅប្រទេសយេម៉ែន លោក Mohammed Al-Bukhaiti បាននិយាយកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងណាមួយដែលបានឈានដល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទៅលើកម្មវិធីនុយក្លេអ៊ែរ នឹងមិនប៉ះពាល់ដល់ការគាំទ្ររបស់កងកម្លាំងក្រុមហ៊ួទីសម្រាប់តំបន់ហ្កាហ្សាទេ។

លោក Al-Bukhaiti បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា ក្រុមនេះ នឹងបន្តប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល រហូតដល់បញ្ឈប់ការវាយលុករបស់ខ្លួនប្រឆាំងនឹងតំបន់ហ្កាហ្សាស្ទ្រីប និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ ស្បៀងអាហារ និងថ្នាំពេទ្យ ដែលត្រូវការជាចាំបាច់ ចូលទៅក្នុងដែនដីប៉ាឡេស្ទីន ដែលមានប្រជាជនជាង ២លាននាក់ កំពុងអត់អាហារ។

សាររបស់លោក Al-Bukhaiti និយាយសំដៅលើកិច្ចប្រជុំ ដែលបានគ្រោងធ្វើ នៅថ្ងៃសៅរ៍ រវាងអ្នកចរចាពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហានៅមជ្ឈិមបូព៌ា។
កាលពីថ្ងៃទី ១៥ ខែមីនា យោធាអាមេរិក បានបន្តការវាយប្រហារតាមផ្លូវអាកាសលើភាគខាងជើងយេម៉ែនដែលគ្រប់គ្រងដោយក្រុមហ៊ួទី បន្ទាប់ពីមានការគំរាមកំហែងរបស់ក្រុមនេះ ក្នុងការកំណត់គោលដៅទៅលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ប្រសិនបើជំនួយមនុស្សធម៌ មិនត្រូវបានអនុញ្ញាតចូលទៅក្នុងហ្កាហ្សានោះទេ។
ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក បានវាយប្រហារតាមអាកាសទៅលើភាគខាងជើងប្រទេសយេម៉ែន ជារៀងរាល់ថ្ងៃ ដោយយោធារបស់ខ្លួន បានអះអាងថា បានសម្លាប់មេដឹកនាំហ៊ួទីរាប់សិបនាក់ និងបានបំផ្លាញសមត្ថភាពយោធាសំខាន់ៗរបស់ក្រុមនេះ ជាការអះអាងដែលក្រុមហ៊ួទី បានបដិសេធទាំងស្រុង។