អង្គការសហប្រតិបត្តិការឥស្លាម (OIC) បានថ្កោលទោសការសម្រេចចិត្តរបស់អាជ្ញាធរអ៊ីស្រាអែល ក្នុងការបិទសាលារៀនចំនួនប្រាំមួយរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅទីក្រុងហ្ស៊េរុយសាឡឹម។

អង្គការ OIC បានថ្កោលទោសការសម្រេចចិត្តរបស់អ៊ីស្រាអែលថា ជាការប៉ុនប៉ងខុសច្បាប់ ដើម្បីធ្វើឲ្យខូចតួនាទីរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងដែលអ៊ីស្រាអែលគ្រប់គ្រង ដោយហៅវិធាការនេះថា ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចលេខ ៣០២ (IV) ដែលបានបង្កើតអាណត្តិរបស់ទីភ្នាក់ងារនះ នៅក្នុងខែធ្នូ ឆ្នាំ ១៩៤៩។

នៅឆ្នាំ ២០២៤ អ៊ីស្រាអែលបានអនុម័តច្បាប់ដែលហាមឃាត់ប្រតិបត្តិការរបស់ UNRWA នៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើត និងតំបន់វេសបែង។ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានបណ្តាលឲ្យមានការរុះរើ ឬខូចខាតសាលារៀន និងមណ្ឌលសុខភាពរបស់ UNRWA ជាច្រើន។
កាលពីថ្ងៃអង្គារ អាជ្ញាធរអ៊ីស្រាអែល បានជូនដំណឹងដល់សាលារបស់អង្គការ UNRWA ចំនួន ៦ នៅក្នុងសង្កាត់ Shuafat, Silwan, Sur Baher និង Wadi Al-Joz របស់ទីក្រុងហ្ស៊េរុយសាឡឹមថា ពួកវា នឹងបិទក្នុងរយៈពេល ៣០ថ្ងៃ។
អង្គការសហប្រតិបត្តិការឥស្លាម (OIC) បាននិយាយថា ការសម្រេចចិត្តនេះ នឹងដកហូតសិទ្ធិជាមូលដ្ឋានរបស់កុមារជនភៀសខ្លួនប៉ាឡេស្ទីន ក្នុងការអប់រំ ហើយស្វែងរកជំនួសវិញ ដើម្បីដាក់កម្មវិធីសិក្សារបស់ អ៊ីស្រាអែលឲ្យពួកគេរៀនវិញ។