ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីសេដ្ឋវិទូពិភពលោក និងក្រុមអ្នកសង្កេតការណ៍ឧស្សាហកម្ម ដែលព្រមានថា វិធានការនេះអាចរំខានដល់ពាណិជ្ជកម្មពិភពលោក បង្កើនអតិផរណា និងធ្វើឱ្យភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ជាពិសេសសម្រាប់បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យកាលពីថ្ងៃពុធសប្តាហ៍មុនដោយដាក់ "ពន្ធមូលដ្ឋានអប្បបរមា" ១០% លើការនាំចូលទាំងអស់ ជាមួយនឹងអត្រាខ្ពស់សម្រាប់ប្រទេសជាក់លាក់មួយចំនួន ប៉ុន្តែនៅថ្ងៃពុធសប្ដាហ៍នេះ លោកក៏បានបញ្ជាឱ្យផ្អាក ៩០ថ្ងៃ ដោយទុកតែពន្ធមូលដ្ឋាន ១០% ឱ្យនៅជាធរមានប៉ុណ្ណោះ ជាមួយពន្ធលើចិនឡើងដល់ ១២៥%។ ឥទ្ធិពលនៃគោលនយោបាយមិនទៀងទាត់បែបនេះបានបន្តបង្កើនភាពច្របូកច្របល់ពាសពេញពិភពលោក។

លោក Mustafa Hantoosh អ្នកស្រាវជ្រាវផ្នែកគ្រប់គ្រងសេដ្ឋកិច្ចមួយរូប បានលើកឡើងថា "ក្រោមគោលនយោបាយពន្ធថ្មីរបស់អាមេរិក តុល្យភាពសេដ្ឋកិច្ចពិភពលោកត្រូវបានរំខាន ហើយប្រទេសកំពុងអភិវឌ្ឍនឹងប៉ះពាល់ដោយផ្ទាល់ ជាពិសេសអ្នកពាក់ព័ន្ធនឹងការនាំចូល-នាំចេញជាមួយអាមេរិក"។
សេដ្ឋវិទូកេនយ៉ា លោក James Shikwati បានបន្ថែមក្តីបារម្ភបែបនេះ ដោយនិយាយថា គោលនយោបាយនេះមានបំណងជាយុទ្ធសាស្ត្រក្នុងការបន្ថយល្បឿននៃប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើន។ ជាមួយគ្នានេះ អ្នករិះគន់ក៏អះអាងថា គោលនយោបាយពន្ធរបស់អាមេរិក ជាចំណុចមួយនៅឆ្ងាយពីសកលភាវូបនីយកម្ម និងឆ្ពោះទៅរកគោលជំហរគាំពារនិយមបន្ថែមទៀត ដែលអាចមានផលវិបាកយ៉ាងទូលំទូលាយ៕