ទោះបីជាលោកប្រធានាធិបតីអាមេរិក Donald Trump ដំឡើងពន្ធបន្ថែមសរុប ១២៥% លើប្រទេសចិនក៏ដោយ ក៏គោលនយោបាយពាណិជ្ជកម្មរបស់លោកលើបណ្តាប្រទេសនានានៅទូទាំងអាស៊ី និងការមិនអាចទាយទុកជាមុនបានពីអ្វីដែលលោកអាចនឹងធ្វើបន្ទាប់ បានលើកទឹកចិត្តដល់ក្រុមហ៊ុនមួយចំនួនឱ្យមើលឃើញថា ចិនជាកំពង់ផែដ៏មានសុវត្ថិភាពបំផុត ផ្ទុយពីអ្វីដែលលោក Trump បានសង្ឃឹមទុក។

មេដឹកនាំអាមេរិករូបនេះបានបង្កើនសម្ពាធជាលំដាប់លើប្រទេសចិន។ គិតត្រឹមថ្ងៃពុធ ០៩ មេសា ពន្ធថ្មីរបស់លោកលើចិន ឡើងកាន់តែខ្ពស់នៅនាទីចុងក្រោយ ដែលនាំឱ្យទីក្រុងប៉េកាំង សងសឹកវិញភ្លាមៗ។

សម្រាប់ក្រុមហ៊ុនមួយចំនួន ពន្ធបដិការរបស់អាមេរិក -ទោះជាត្រូវផ្អាកជាច្រើនក្ដី- ឥទ្ធិពលដែលមិននឹកស្មានដល់ក្នុងរឿងនេះគឺការធ្វើឱ្យប្រទេសចិន ក្លាយជាកន្លែងដ៏គួរឱ្យទាក់ទាញបន្ថែមទៀតក្នុងការផលិត និងទិញ ជំនួសឱ្យទីផ្សារអាមេរិក។
លើសពីនេះ ភាពច្របូកច្របល់ដែលក្រោយការប្រកាសពន្ធកាលពីសប្តាហ៍មុន និងការផ្អាកនៅសប្ដាហ៍នេះ បានធ្វើឱ្យក្រុមហ៊ុនកាន់តែប្រុងប្រយ័ត្ននឹងភាពចលាចល រួមទាំងការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលប៉ះពាល់ដល់បណ្ដាញផ្គត់ផ្គង់របស់ពួកគេ។ ប្រឈមមុខនឹងលំហូរមិនច្បាស់លាស់ឥតឈប់ឈរ និងភាពមិនអាចទាយទុកជាមុនបាន ក្រុមហ៊ុននានាកំពុងជ្រើសរើសនៅជាមួយអ្វីដែលពួកគេយល់ឃើញថាជាទំនាក់ទំនងយូរអង្វែងជាមួយអ្នកផ្គត់ផ្គង់ចិន ឬដៃគូផលិត៕