សហភាពអឺរ៉ុប បានអនុម័តពន្ធលើទំនិញសហរដ្ឋអាមេរិក ដែលមានតម្លៃប្រហែល ២១ពាន់លានអឺរ៉ូ (២៣ ពាន់លានដុល្លារអាមេរិក) ជាការសងសឹកចំពោះពន្ធ ២៥% ដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់កាលពីខែមីនា លើការនាំចេញដែកថែប និងអាលុយមីញ៉ូម របស់ប្លុកនេះ។
ភាគច្រើននៃរដ្ឋសមាជិកទាំង២៧ របស់សហភាពអឺរ៉ុប កាលពីថ្ងៃពុធ (០៩ មេសា) បានបោះឆ្នោតគាំទ្រការដំឡើងពន្ធតបតនេះ ដែលមួយចំនួននឹងចាប់ផ្តើមចូលជាធរមាននៅពាក់កណ្តាលខែមេសា។
ពន្ធទាំងនោះនឹងកំណត់គោលដៅលើបណ្ដារដ្ឋអាមេរិក ដែលមានភាពរសើបផ្នែកនយោបាយ និងរួមបញ្ចូលផលិតផលដូចជាសណ្តែកសៀងពីរដ្ឋ Louisiana ដែលជាស្រុកកំណើតរបស់ប្រធានសភាអាមេរិក លោក Mike Johnson ក៏ដូចជាត្បូងពេជ្រ ផលិតផលកសិកម្ម បសុបក្សី និងយានជំនិះផ្សេងទៀត។

ជំហាននេះបានបន្ថែមទៅលើសង្រ្គាមពាណិជ្ជកម្មឆ្លងទ្វីបអាត្លង់ទិក ដែលកំពុងកើនឡើង ដោយអាមេរិក ក៏បានអនុវត្តពន្ធសកលលើការនាំចេញស្ទើរតែទាំងអស់របស់អឺរ៉ុប ព្រមទាំងពន្ធ២៥% ដាច់ដោយឡែកលើរថយន្ត និងគ្រឿងបន្លាស់រថយន្តមួយចំនួនផងដែរ ទោះជាលោកផ្អាក ៩០ថ្ងៃលើពន្ធបដិការក៏ដោយ។ លោក Trump និយាយថា លោកនឹងប្រកាសពន្ធបន្ថែមលើឈើ បន្ទះឈីប និងផលិតផលឱសថ ហើយពន្ធថ្មីទាំងអស់របស់លោក កំពុងវាយលុកប្រហែល ៣៨០ពាន់លានអឺរ៉ូនៃទំនិញប្លុកអឺរ៉ុប។
សារព័ត៌មាន Bloomberg រាយការណ៍ថា ពន្ធមួយចំនួនរបស់អឺរ៉ុប លើអាមេរិកនោះ នឹងចូលជាធរមាននៅថ្ងៃទី១៥ ខែមេសា ខណៈបញ្ជីមួយផ្សេងទៀតនឹងត្រូវដាក់នៅពាក់កណ្តាលខែឧសភា និងរលកទីបីនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែធ្នូ។ ភាគច្រើននៃទំនិញអាមេរិកដែលជាគោលដៅសងសឹកនេះ ប្រឈមមុខនឹងកម្រិតពន្ធ ២៥% ជាមួយនឹងប្រភេទមួយចំនួន ដែលត្រូវប្រឈមមុខនឹងអត្រា ១០%៕

