ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសស៊ូដង់ខាងត្បូងកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក ខណៈដែលការកើនឡើងនៃអំពើហិង្សាក្នុងប្រទេស ជាពិសេសនៅក្នុងតំបន់ Greater Upper Nile ដែលមានជម្លោះ ធ្វើឲ្យស្ថានភាពអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្រមានថា មនុស្សជិត ៧,៧ លាននាក់ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសនេះ កំពុងជួបប្រទះវិបត្តិ ភាពអាសន្ន ឬកម្រិតគ្រោះមហន្តរាយនៃភាពស្រេចឃ្លាន។
លោកស្រី Mary-Ellen McGroarty តំណាងរបស់អង្គការ WFP និងជានាយកប្រចាំប្រទេសសម្រាប់ ស៊ូដង់ខាងត្បូង បានគូររូបភាពដ៏អាក្រក់នៃស្ថានភាពកាន់តែយ៉ាប់យ៉ឺន ខណៈដែលលើកបានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលប្រទេសកំពុងជួប្រទះ នៅពេលវាឈានចូលដល់រដូវខ្វះស្បៀងអាហារប្រចាំឆ្នាំ ជាពេលវេលានៃឆ្នាំ ដែលភាពស្រេកឃ្លានឈានដល់កម្រិតខ្ពស់បំផុត។
មនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេដោយអំពើហិង្សា ការបែកបាក់ផ្នែកនយោបាយ និងអស្ថិរភាពសន្តិសុខ រួមទាំងជាង ១០០.000នាក់ នៅក្នុងតំបន់ Upper Nile តែមួយប៉ុណ្ណោះ។