មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ បាននិយាយថា យ៉ាងហោចណាស់នគរបាល បីនាក់ ក្នុងនោះមានអធិការរងម្នាក់ ត្រូវបានសម្លាប់ នៅភាគនិរតីប្រទេសប៉ាគីស្ថាន នៅពេលដែលក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ បានកំណត់គោលដៅទៅលើរថយន្តនគរបាលមួយគ្រឿង នៅក្នុងខេត្តប៉ាឡូជីស្ថាន( Balochistan) ដែល អស្ថិរភាព កាលពីយប់ថ្ងៃពុធ។
ប៉ាឡូជីស្ថាន (Balochistan) ដែលជាខេត្តដ៏ធំបំផុតរបស់ប្រទេសប៉ាគីស្ថានដោយដីគោក និងសម្បូរទៅដោយធនធានរ៉ែ បានប្រឈមមុខនឹងការបះបោរកម្រិតទាបអស់ រយៈពេលជិតពីរទសវត្សរ៍មកហើយ។ ក្រុមបំបែកខ្លួន Baloch បានចោទប្រកាន់រដ្ឋាភិបាលកណ្តាលថា បានកេងប្រវ័ញ្ចធនធានក្នុងស្រុក ដូចជាមាស និងទង់ដែង ដោយមិនផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ឡើយ។

ទីក្រុងអ៊ីស្លាម៉ាបាដ ( Islamabad) បដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ខ្លួនប្តេជ្ញាធ្វើឲ្យ ប្រសើរឡើងនូវជីវិតរបស់អ្នកស្រុកនៅក្នុងខេត្តនេះ តាមរយៈគម្រោងអភិវឌ្ឍន៍ផ្សេងៗ។
ការវាយប្រហារចុងក្រោយនេះ បានកើតឡើង នៅបរិវេណនៃរដ្ឋធានីខេត្ត Quetta ដោយផ្តោតលើរថយន្តនគរបាលមួយគ្រឿង ដែលចតនៅជិតភោជនីយដ្ឋានមួយកន្លែង។
លោក Muhammad Baloch អគ្គនាយកស្នងការនគរបាល បានប្រាប់សារព័ត៌មាន Arab News ថា រថយន្តនគរបាលមួយគ្រឿង ត្រូវបានតម្រង់គោលដៅ បន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ដែលជិះម៉ូតូ បានវាយប្រហារលើនគរបាលមួយក្រុម ជាមួយនឹងការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ»។

