ក្រុមឧទ្ទាមនៅក្នុងតំបន់ប៉ាពួ( Papua) នៃប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេ បានសម្លាប់មនុស្ស ១៧នាក់ ចាប់តាំងពីចុងសប្តាហ៍ ដោយអះអាងថា ពួកគេជាទាហាន បានក្លែងខ្លួនជាអ្នកជីករ៉ែមាស ហើយនគរបាល បាននិយាយថា ក្រុមអ្នកបះបោរ បានចាប់ចំណាប់ខ្មាំងពីរនាក់។
ការប្រយុទ្ធគ្នាកម្រិតទាប ប៉ុន្តែកាន់តែធ្ងន់ធ្ងរឡើងៗ ដើម្បីឯករាជ្យ បានផ្ទុះឡើងរវាងកងកម្លាំងសន្តិសុខ និងក្រុមឧទ្ទាមនៅតំបន់ប៉ាពួ ដែលសម្បូរធនធាន ចាប់តាំងពីតំបន់នេះ ត្រូវបានដាក់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសឥណ្ឌូនេស៊ីដ៏ចម្រូងចម្រាស នៅក្នុងការបោះឆ្នោតមួយដែលត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៦៩។
លោក Sebby Sambom អ្នកនាំពាក្យក្រុមឧទ្ទាមនៅតំបន់ប៉ាពួ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមឧទ្ទាម បានសម្លាប់មនុស្ស ១៧នាក់ ចាប់តាំងពីថ្ងៃទី ០៦ ខែមេសា រួមទាំង ៥នាក់ទៀត កាលពីថ្ងៃពុធ ហើយបានអះអាងថា ពួកគេជាសមាជិកយោធា ដែលក្លែងខ្លួនជាអ្នករុករករ៉ែមាស។
លោក Sebby បាននិយាយដោយសំដៅទៅក្រុងមួយ ក្នុងស្រុក Yahukimo ជាកន្លែងដែលឧប្បត្តិហេតុបានកើតឡើងថា៖«ប្រសិនបើយោធារដ្ឋាភិបាលឥណ្ឌូនេស៊ី ចង់ដេញពួកយើង សូមអញ្ជើញមកកាន់ទីក្រុង Dekai យើងនៅក្នុងក្រុងនេះ»។
លោក Frega Wenas អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូនេស៊ី បានប្រាប់អ្នកយកព័ត៌មានថា អ្នករុករករ៉ែខុសច្បាប់ចំនួន ១១នាក់ ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ នៅក្នុងតំបន់នេះ ហើយបានបដិសេធថា ពួកគេមិនមែនជាមន្ត្រីយោធា ដោយបន្ថែមថា នេះគឺជាការឃោសនារបស់ក្រុមឧទ្ទាម។