នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បាននិយាយអំឡុងដំណើរទស្សនកិច្ចនៅទីក្រុងហូឈីមិញ ប្រទេសវៀតណាមនាថ្ងៃព្រហស្បតិ៍នេះថា ការផ្អាកដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គឺជាទ្វារបើកមួយសម្រាប់កិច្ចចរចា ។
លោក Sanchez ក្លាយជាមនុស្សដំបូងក្នុងចំណោមក្រុមមេដឹកនាំអឺរ៉ុបជាច្រើនទៀត ធ្វើដំណើរទៅកាន់តំបន់បូព៌ា បន្ទាប់ការប្រកាសរបស់លោក Trump ពីការដំឡើងពន្ធពាណិជ្ជកម្មសកល ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងប្រទេសចិន ដោយចាប់ផ្តើមកាលពីថ្ងៃពុធនេះ ។
លោកបានផ្តល់អនុសាសន៍បែបនេះ នៅជំនួបធុរកិច្ច អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសវៀតណាម ។
លោកនិយាយថា លោកនៅត្រូវការពិនិត្យមើលឡើងវិញសេចក្តីលម្អិតច្បាស់លាស់នៃវិធានការមួយនេះ ។
លោក Sanchez ដែលស្ថិតនៅក្នុងចំណោមមេដឹកនាំរដ្ឋាភិបាលឆ្វេងនិយមរបស់អឺរ៉ុប នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃសុក្រ ហើយលោកនឹងជួបជាមួយលោកប្រធានាធិបតី Xi Jinping ៕