កីឡាករជម្រើសជាតិកម្ពុជា ក៏ដូចជាកីឡាកររបស់ប្រទេស១១ទៀតដែលជាសមាជិកសហព័ន្ធបាល់ទាត់អាស៊ាន នឹងត្រូវលេងមិត្តភាពអន្តរជាតិជាមួយក្លឹបបាល់ទាត់អង់គ្លេស Manchester United នៅខែឧសភា ឆ្នាំ២០២៥ ខាងមុខ។
យោងសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ក្រុមបាល់ទាត់ដែលប្រសិទ្ធិនាមថាតារាបាល់ទាត់ចម្រុះអាស៊ាន (ASEAN All-Stars Team) ត្រូវដឹកនាំដោយគ្រូបង្វឹកជម្រើសជាតិវៀតណាម សញ្ជាតិកូរ៉េខាងត្បូង Kim Sang-sik ហើយនឹងប្រកួតពានរង្វាន់ Maybank Challenge Cup ដែលជាការប្រកួតមិត្តភាពអន្តរជាតិជាប្រវត្តិសាស្ត្រជាមួយក្លឹប Manchester United ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ Bukit Jalil ប្រទេសម៉ាឡេស៊ី។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងបន្ថែមថា កីឡាករក្នុងក្រុមតារាបាល់ទាត់ចម្រុះអាស៊ាន នឹងមានកីឡាករល្អៗជ្រើសរើសចេញពីប្រទេសសមាជិកសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដូចជា កម្ពុជា ព្រុយណេ សហភាពមីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ឡាវ និងអូស្ត្រាលី។
ឯកឧត្ដម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ប្រាប់ប៊ីធីវី ឱ្យដឹងថាកីឡាករក្នុងក្រុម ASEAN All-Stars គឺមកពីប្រទេសទាំង១២ គ្រាន់តែប្រទេសខ្លះតិច និងប្រទេសខ្លះច្រើន។
ឯកឧត្ដមបន្តថាការប្រកួតនេះបង្ហាញពីសាមគ្គីភាពក្នុងក្របខ័ណ្ឌកីឡាបាល់ទាត់អាស៊ាន ភាពខ្លាំងរបស់បាល់ទាត់អាស៊ានរហូតដល់ Man Utd ជ្រើសរើសប្រកួតជាមួយ និងធ្វើឡើងដើម្បីមនុស្សធម៌ដោយចំណូលពីការប្រកួតត្រូវឧបត្ថម្ភដល់អង្គការសប្បុរសធម៌ និងមួយចំណែកទៀតជួយដល់ជនរងគ្រោះដោយសារការរញ្ជួយដីនៅភូមា។
ក្នុងនាមគ្រួសារបាល់ទាត់អាស៊ាន ឯកឧត្ដមបានថ្លែងអំណរគុណដល់ ProEvents សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី និង Maybank ដែលបាននាំ រៀបចំ និងគាំទ្រឱ្យមានការប្រកួតនេះ។
សូមជម្រាបជូនថា ក្នុងលីគកំពូលអង់គ្លេស Manchester United កំពុងឈរនៅចំណាត់ថ្នាក់លេខ១៣ក្នុងតារាងជើងឯក៕



