កណ្តាល ៖ អភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក អ៊ូច សាវឿន និងសប្បុរសជននានា ដែលមានក្រុមយុវជនមនុស្សធម៌ នៃស្រុកកណ្តាលស្ទឹង នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ ដល់ជនក្រីក្រ និងចាស់ជារាជាច្រើននាក់ នៅភូមិបឹង ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ថ្លែងនៅក្នុងពិធីចុះចែកអំណោយនោះ លោកអភិបាលស្រុក បានឲ្យដឹងថា អំណោយមនុស្សធម៌នេះបានមកពីការរៃអង្គាស់គ្នាពីបងប្អូនសប្បុរសជននានា ដូចជាលោក ណន ពៅ ប្រធានក្រុមយុវជនមនុស្សធម៌ ប្រជាពលរដ្ឋ និងបងប្អូនអាជីវករជាច្រើនផ្សេងៗ បន្ទាប់ពីពួកគាត់ដឹងថា បងប្អូនប្រជាពលរដ្ឋ លោកតាលោកយាយចាស់ជរាជួបការលំបាកខ្លាំងក្នុងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។
លោកអភិបាលស្រុកបានបន្តទៀតថា ក្រុមយុវជនមនុស្សធម៌ តែងតែចុះ ជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជានិច្ច មិនថាកាលៈទេសៈណានោះឡើយ ហើយសកម្មភាពមនុស្សធម៌ នេះគឺជាការបង្ហាញនូវទឹកចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជួយគ្នា ក្នុងគ្រាក្រជាដើមនោះ។
យ៉ាងណាក៏ដោយនៅក្នុងពិធីចុះចែកអំណោយនោះដែរ លោកអភិបាលស្រុកក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋ លោកតាលោកយាយទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតផងដែរ ចំពោះមេរោគកូវីដ ១៩បើទោះបីជាបងប្អូន បានធ្វើការចាក់វ៉ាក់សាំងបង្ការមេរោគនេះរួចរាល់ហើយក្តី ក៏កុំភ្លេចការពារខ្លួន ជាពិសេស«៣កុំ និង៣ការពារ»ជាដើមនោះ។
ក្នុងពិធីលោកក៏បានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ នាពេលបច្ចុប្បនេះផងដែរ ខណៈស្ថាបនិកសន្តិភាពរបស់កម្ពុជាយើង ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីតែផលប្រយោជន៍ ប្រជាជន និងប្រទេសជាតិទាំងមូលនោះ៕
អត្ថបទ ៖ បាន ចក់






