នៅក្នុងព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃពុធ (ទី៩ ខែមេសា) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានកែប្រែវិធានការពន្ធគយរបស់លោកលើប្រទេសភាគច្រើនយ៉ាងហោចណាស់ ៩០ថ្ងៃ។ តែលោកបានបង្កើនសម្ពាធលើប្រទេសចិន ដែលការផ្អាកនេះមិនត្រូវបានអនុវត្តនោះឡើយ ជាចំណាត់ការធ្វើឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងបន្ថែមទៀត រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ របស់ពិភពលោក។
មិនត្រឹមតែមិនផ្អាកប៉ុណ្ណោះទេ លោក Trump ថែមទាំងបានដាក់ពន្ធទណ្ឌកម្ម ១២៥ភាគរយលើទំនិញរបស់ចិនទាំងអស់ ខណៈដែលប្រទេសចិនបានប្រកាសអត្រាពន្ធថ្មី ៨៤ភាគរយលើការនាំចូលរបស់អាមេរិកទាំងអស់ ដែលបង្កជាហានិភ័យកាន់តែខ្ពស់ពីការប្រឈមមុខដាក់គ្នា រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២ និងជំរុញឲ្យទីផ្សារប្រែប្រួលជាថ្មី។ ប្រទេសទាំង២ បានដំឡើងពន្ធខ្ពស់សងសឹកគ្នាទៅវិញទៅមកម្តងហើយម្តងទៀត កាលពីសប្តាហ៍មុន។
យ៉ាងណាក្ដី បន្ទាប់ពីដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹង ដោយយកប្រទេសចិនជាគំរូ សេតវិមានបានផ្ញើការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ដៃគូពាណិជ្ជកម្មនានាយ៉ាងខ្លីថា «កុំសងសឹក ហើយអ្នកនឹងទទួលបានផលចំណេញ»។
ទន្ទឹមនឹងនេះដែរ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានឲ្យដឹងថា ប្រទេសចិនបានបដិសេធមិនព្រមចុះញ៉ម ចំពោះភាពគឃ្លើនរបស់អាមេរិកឡើយ ហើយអត្រាពន្ធ ៨៤ភាគរយរបស់ខ្លួនលើការនាំចូលរបស់សហរដ្ឋអាមេរិក ចូលជាធរមាន នៅម៉ោង ១២:០១យប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងទីក្រុងប៉េកាំង)។
មុនពេលដាក់ចេញកាតព្វកិច្ចពន្ធនេះចូលជាធរមាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បានលើកឡើងថា «ពន្ធបដិការ» របស់សហរដ្ឋអាមេរិក គឺជា «ការរំលោភយ៉ាងធ្ងន់ធ្ងរលើផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់»៕