មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង គឺលោក Lee Jae-myung ដែលជាអ្នកនាំមុខគេក្នុងការស្ទង់មតិក្នុងបានក្លាយជាមេដឹកនាំបន្ទាប់របស់ប្រទេស បានប្រកាសពីការប៉ុនប៉ងរបស់លោក ក្នុងការប្រជែងតំណែងប្រធានាធិបតី នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែមេសា) នេះ ដោយសន្យាថា នឹងកែលម្អវិសមភាព និងជំរុញកំណើនសេដ្ឋកិច្ច។
ការបោះឆ្នោតប្រធានាធិបតី នឹងធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីការចោទប្រកាន់ទម្លាក់តំណែងលើអតីតប្រធានាធិបតី លោក Yoon Suk Yeol ដោយសារការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ត្រូវបានតម្កល់ កាលថ្ងៃសុក្រសប្តាហ៍មុន។
ក្នុងវីដេអូដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ លោក Lee បានសន្យាថា នឹងដោះស្រាយវិសមភាពសេដ្ឋកិច្ចដែលលោកបាននិយាយថា ជាប្រភពសំខាន់នៃជម្លោះ នៅក្នុងសង្គម ដោយបង្ហាញពីរបៀបដែលលោកមានអារម្មណ៍ថា វាបានធ្វើឲ្យមានភាពចលាចលនយោបាយកាន់តែធ្ងន់ធ្ងរឡើងៗ បន្ទាប់ពីមានបទបញ្ជាច្បាប់អាជ្ញាសឹករបស់លោក Yoon។
គួរបញ្ជាក់ថា លោក Lee ដែលមានវ័យ ៦១ឆ្នាំ បានបរាជ័យជាមួយនឹងសំឡេងដ៏ស្ដួចស្ដើងបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស នៅពេលដែលលោកបានប្រកួតប្រជែងជាមួយលោក Yoon ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២។ ប៉ុន្តែកាលពីឆ្នាំមុន លោកបានដឹកនាំក្រុមសេរីនិយមរបស់លោក គឺគណបក្សប្រជាធិបតេយ្យ ទទួលបានជ័យជម្នះ ក្នុងសំឡេងដ៏ច្រើនលើសលប់ នៅក្នុងការបោះឆ្នោតសភា ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកបោះឆ្នោតសេរីនិយម៕