រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងញូវដែល្លី កំពុងរំពឹងរង់ចាំចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក ក្រោយការសម្រេចចិត្តដ៏គួរភ្ញាក់ផ្អើលរបស់លោកប្រធានាធិបតី Donald Trump ផ្អាកពន្ធបដិការធ្ងន់ធ្ងរលើប្រទេសជាច្រើន ។
កាលពីខែកុម្ភៈកន្លងទៅ ឥណ្ឌា និងសហរដ្ឋអាមេរិក បានយល់ព្រមធ្វើការលើដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលនឹងត្រូវបញ្ចប់នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥នេះ ដែលមានគោលដៅឈានដល់ពាណិជ្ជកម្ម ២ផ្លូវតម្លៃ ៥០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ។
លោក Goyal និយាយថា នេះនឹងជួយឲ្យឥណ្ឌា និងសហរដ្ឋអាមេរិក ធ្វើពាណិជ្ជកម្មកាន់តែងាយស្រួល និងកាន់តែរលូនជាងមុន ។
កាលពីយប់ថ្ងៃពុធកន្លងទៅ លោក Trumpបានផ្អាកបណ្តោះអាសន្នពន្ធលើប្រទេសដៃគូពាណិជ្ជកម្មជាច្រើន រួមទាំងប្រទេសឥណ្ឌា រយៈពេល ២៤ម៉ោងប៉ុណ្ណោះ ក្រោយលោកទារពន្ធខ្ពស់ធ្វើឲ្យមានការប្រែប្រួលទីផ្សារហិរញ្ញវត្ថុដ៏តានតឹងបំផុត ចាប់តាំងពីថ្ងៃដំបូងនៃការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីរក្សាសំពាធលើចិន លោក Trumpនិយាយថា លោកនឹងដំឡើងពន្ធ ១២៥ភាគរយលើការនាំចូលពីចិន ប៉ុន្តែពន្ធបដិការរបស់សហរដ្ឋអាមេរិកលើឥណ្ឌា បន្តឈរនៅ ១០ភាគរយដដែល ៕