តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានប្រាប់សមាជិកសភាកាលពីថ្ងៃពុធ (ទី៩ ខែមេសា)ថា លោកប្រធានាធិបតី Donald Trump មិនបានព្យាយាមធ្វើឲ្យពាណិជ្ជកម្មជាមួយរុស្ស៊ីមានភាពរឹងមាំឡើងវិញ ដោយការលើកលែងទំនិញរុស្ស៊ីពីពន្ធថ្មីនោះទេ ប៉ុន្តែវាអាស្រ័យលើលោក Trump ថា តើត្រូវកំណត់យកពន្ធកម្រិតណាមួយ នាពេលអនាគត ឬយ៉ាងណា។
លោក Greer បានប្រាប់គណៈកម្មាធិការទទួលបន្ទុកផ្នែកវិធីនិងមធ្យោបាយរបស់សភាអាមេរិកថា រុស្ស៊ីត្រូវបានដកចេញពីវិធានការពន្ធ ដោយសារប្រទេសនេះ កំពុងប្រឈមនឹងការដាក់ទណ្ឌកម្មដ៏ធ្ងន់របស់សហរដ្ឋអាមេរិក និងការហ៊ុមព័ទ្ធពាណិជ្ជកម្មតាមវិស័យ ហើយមិនទទួលបានឋានៈពាណិជ្ជកម្ម «ប្រទេសដែលត្រូវបានផ្តល់ការអនុគ្រោះបំផុត» ដូចប្រទេសបេឡារុស គុយបា និងកូរ៉េខាងជើងនោះទេ។
សមាជិកសភាគណបក្សប្រជាធិបតេយ្យជាច្រើន បានចោទសួរថា ហេតុអ្វីបានជាលោក Trump ដាក់ពន្ធគយ ៤៧% លើប្រទេសម៉ាដាហ្គាស្ការ និងពន្ធលើប្រទេសក្រីក្រផ្សេងទៀត ប៉ុន្តែមិនមានលើប្រទេសរុស្ស៊ី ទោះបីជាពាណិជ្ជកម្មរុស្ស៊ី-អាមេរិក នៅតែមានកម្រិតច្រើនជាមួយនឹងចំនួនសរុប ៣,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយមានឱនភាពពាណិជ្ជកម្មទ្វេភាគី ២,៥ពាន់លានដុល្លារ។
នៅពេលត្រូវបានសួរដោយអ្នកតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ លោក John Larson ថា តើពន្ធនឹងត្រូវដាក់លើរុស្ស៊ី ប្រសិនបើឱនភាពពាណិជ្ជកម្មនោះ មិនបានប្រសើរឡើង លោក Greer បាននិយាយថា បញ្ហានេះ អាស្រ័យលើលោក Trump សម្រេចចិត្តថា តើត្រូវដាក់ពន្ធកម្រិតណាមួយ ឬអត់៕