ស្នងការអឺរ៉ុបទទួលបន្ទុកថាមពល និងលំនៅឋាន លោក Dan Jorgensen បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times (FT) ថា សហភាពអឺរ៉ុប (EU) អាចបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង ជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
យោងតាមលោក Jorgensen បានឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់ EU ក្នុងការបង្កើនសមត្ថភាពថាមពលកកើតឡើងវិញរបស់ខ្លួន «មិនបានរារាំងការប្តេជ្ញាចិត្តដ៏មានសក្តានុពល ក្នុងការទិញឧស្ម័នធម្មជាតិរាវបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ដែលជាផ្នែកនៃការឆ្លើយតបទៅនឹងពន្ធគយរបស់លោក ត្រាំ។
លោក បាននិយាយថា៖«មានសក្តានុពលសម្រាប់ពួកយើង ក្នុងការទិញឧស្ម័នធម្មជាតិរាវ (LNG) បន្ថែមទៀត ពីសហរដ្ឋអាមេរិក ប៉ុន្តែជាការពិតណាស់ ការទិញនេះ ត្រូវតែស្ថិតនៅលើលក្ខខណ្ឌដែលស្របតាមការដឹកជញ្ជូន [បៃតង] របស់យើងផងដែរ» ។
លោកបានលើកឡើងថា ថាមពលកកើតឡើងវិញ គឺ «ចាំបាច់»ដើម្បីកាត់បន្ថយតម្លៃថាមពលខ្ពស់ និងបញ្ចប់ការពឹងផ្អែករបស់សហភាពអឺរ៉ុបលើការនាំចូលឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។
សារព័ត៌មាន FT បានដកស្រង់សម្តីលោក ដែលបាននិយាយថា ស្នងការអឺរ៉ុប ក៏មានទំនុកចិត្តថា សហភាពអឺរ៉ុប នឹងអាចទទួលបានអត្ថប្រយោជន៍ពីភាពចលាចលទីផ្សារដែលបណ្តាលមកពីពន្ធថ្មីរបស់សហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា៖«ខ្ញុំគិតថា វិបត្តិដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្នុងពេលនេះ នឹងធ្វើឲ្យវាកាន់តែមានភាពស្មុកស្មាញសម្រាប់ក្រុមហ៊ុននានា ក្នុងការស្វែងរកទីជម្រកសុវត្ថិភាព នៅកន្លែងដែលមានការព្យាករណ៍ ហើយអឺរ៉ុប គឺជាកន្លែងបែបនេះ»។