ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានថ្កោលទោសពន្ធរបស់អាមេរិកលើទំនិញនាំចូលពីបណ្តាប្រទេសពិភពលោកភាគច្រើន ដោយនិយាយថា សង្គ្រាមពាណិជ្ជកម្មនេះ គឺជាការបញ្ចប់នៃសកលភាវូបនីយកម្មលោកខាងលិច។
លោកបាននិយាយទៅកាន់កិច្ចប្រជុំកំពូលលើកទី ៩ នៃសហគមន៍អាមេរិកឡាទីន និងបណ្តារដ្ឋការ៉ាអ៊ីប (CELAC) តាមរយៈតំណភ្ជាប់វីដេអូថា៖«សង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចំនួន ១៨៥ ពិភពលោក បាននាំឲ្យមានស្ថានភាពមួយ ដែលអាចត្រូវបានគេហៅថា ជាការបញ្ចប់នៃសកលភាវូបនីយកម្មលោកខាងលិច» ។
លោកបាននិយាយថា៖«នេះគឺជាការធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មអន្តរជាតិ និងច្បាប់សេដ្ឋកិច្ច កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។ អង្គការពាណិជ្ជកម្មពិភពលោក ត្រូវបានរុះរើដោយមីស៊ីលសង្គ្រាមពាណិជ្ជកម្ម» ។ «កាលពី ៦៥ ឆ្នាំមុន ទណ្ឌកម្មឯកតោភាគី និងការរឹតបន្តឹង ត្រូវបានដាក់លើប្រទេសគុយបា ក្រោយមកលើនីការ៉ាហ្គ័រ និងវ៉េណេហ្ស៊ុយអេឡា ហើយឥឡូវនេះ ដាក់ទៅលើពិភពលោកទាំងមូល» ។ លោកបានសង្កត់ធ្ងន់ថា វិធានការរបស់សហរដ្ឋអាមេរិក គឺមានគោលបំណងប្រឆាំងនឹង «ពិភពពលោកហុប៉ូល ដែលកំពុងកើតឡើងនេះ»។
កាលពីថ្ងៃទី ០២ ខែមេសានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីផែនការដាក់ពន្ធគយលើផលិតផលមកពី ១៨៥ប្រទេស។ ពន្ធ១០% ជាសកល បានចូលជាធរមាន នៅថ្ងៃទី ០៥ ខែមេសា ខណៈដែលពន្ធបុគ្គល នឹងចូលជាធរមាន ចាប់ពីថ្ងៃទី០៩ ខែមេសា។ លើសពីនេះ រដ្ឋបាលអាមេរិកបានកំណត់ពន្ធគយ ២៥% លើរថយន្តនាំចូលទាំងអស់ ចាប់ពីថ្ងៃទី ០៣ ខែមេសា។ លោក ត្រាំ ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នផងដែរ ជុំវិញស្ថានភាពសេដ្ឋកិច្ចនេះ។
កាលពីថ្ងៃពុធ លោក ត្រាំ បាននិយាយថា លោកកំពុងព្យួរពន្ធនាំចូលបន្ថែមសម្រាប់ប្រទេសមួយចំនួន ដែលបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេសម្រាប់ការចរចា រយៈពេល ៩០ថ្ងៃ។ ពួកគេនឹងប្រឈមមុខនឹងការយកពន្ធ ១០% ។