រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានរិះគន់សេចក្តីប្រកាសរបស់ប្រធានាធិបតីបារាំង លោក អេមានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលថាទីក្រុងប៉ារីស អាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ នៅខែមិថុនា ដោយនិយាយថា ការទទួលស្គាល់នោះ នឹងក្លាយជា “«ង្វាន់» សម្រាប់អំពើភេរវ កម្ម។
លោក Saar បាននិយាយនៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធថា៖«តាមការពិតដែលយើងទាំងអស់គ្នាដឹង ការទទួលស្គាល់ជាឯកតោភាគីនៃរដ្ឋប៉ាឡេស្ទីនដោយប្រទេសណាមួយ នឹងក្លាយជារង្វាន់សម្រាប់ភេរវកម្ម និងជាកម្លាំងចិត្តសម្រាប់ក្រុមហាម៉ាស»។ សកម្មភាពទាំងនេះ នឹងមិននាំមកនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់របស់យើង កាន់តែខិតជិតនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេគ្រាន់តែរុញបញ្ហាទាំងអស់នេះ ឲ្យទៅកាន់តែឆ្ងាយ។
ប្រធានាធិបតីបារាំងលោក អេមានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសបារាំងគ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងរយៈពេលប៉ុន្មានខែ ហើយអាចធ្វើការផ្លាស់ប្តូរនៅក្នុងសន្និសីទអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ក្នុងខែមិថុនា ស្តីពីការដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។
លោក ម៉ាក្រុង ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីប ក្នុងសប្តាហ៍នេះ បានប្រាប់ទូរទស្សន៍ France 5 ថា៖ «យើងត្រូវតែឈានទៅរកការទទួលស្គាល់ ហើយយើងនឹងធ្វើដូច្នេះ ក្នុងប៉ុន្មានខែខាងមុខ»។
ប្រទេសបារាំង បានគាំទ្រជាយូរមកហើយនូវដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន រួមទាំងបន្ទាប់ពីការវាយប្រហារថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ទៅលើអ៊ីស្រាអែល។