ភ្នំពេញ៖ ក្នុងសារលិខិតផ្ញើជូនចំពោះ «មិត្តវិស័យមីន» នៅព្រឹកថ្ងៃទី៤ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្តបន្តជួយគាំទ្រ ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥ ។
សម្តេច បានរំលឹកឡើងវិញថា៖ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បានទទួលនូវសិទ្ធិ និងសេរីភាពនៃការរស់រានមានជីវិតពេញលេញ។ ស្ថិតក្រោមគោលនយោបាយឈ្នះ ឈ្នះ នាចុង ឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិពាសពេញផ្ទៃប្រទេសជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ។
ទន្ទឹមនឹងនោះ កម្មវិធីបោសសម្អាតមីនមនុស្សធម៌ ត្រូវបាន ចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់នាំមកនូវកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជននិងប្រទេសជាតិ។
កម្ពុជាបានធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយជោគជ័យគួរជាទីមោទនៈដោយប្រជាជនកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានទទួលស្គាល់ អបអរសាទរ និងជួយគាំទ្រដល់វិស័យ សកម្មភាពមីន ដើម្បីឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាបន្តបន្ទាប់។
ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេចបានយកឱកាសនេះ អរគុណនិងវាយតម្លៃខ្ពស់ជូនចំពោះដៃគូអភិវឌ្ឍប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌ទាំងអស់ ដែលបាននិងកំពុងផ្តល់វិភាគទានដ៏ថ្លៃថ្ល និងមានតម្លៃ ជាថវិកា ឧបករណ៍សម្ភារៈ និងការកសាងសមត្ថភាព សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមការងារថែរក្សាសន្តិភាពការសង្គ្រោះជីវិតការកាត់បន្ថយភាពក្រីក្រ និងការស្តារសេដ្ឋកិច្ចសង្គម។
ជាមួយគ្នានេះ សម្តេចបានអរគុណដល់ប្រតិបត្តិករជាតិ អន្តរជាតិ ដែលបាននិងកំពុងប្រតិបត្តិការបោសសម្អាតមីនលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ជាពិសេសជូនបងប្អូនអ្នកដោះមីនទាំងអស់ ដែលកំពុងបំពេញបេសកកម្មប្រកបដោយគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ក្នុងការ រំដោះផ្ទៃដីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមដល់ការអភិវឌ្ឍជាតិ។
ជាថ្មីម្ដងទៀត សម្តេច បានអំពាវនាវយ៉ាងទទូចដល់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ដូច ជាវិស័យឯកជនបន្តការជួយគាំទ្រ ផ្ដល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លា ជាមួយអាជ្ញាធរមីនដែល ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យមីន ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីន ត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។
សម្តេចវន្តថា៖ យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បី«ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥»៕អត្ថបទ មុត សុទ្ធ



