ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បាននិយាយថា កាលពីថ្ងៃពុធ ប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)សម្រាប់គម្រោងនានា នៅក្នុងប្រទេសឈូងសមុទ្រ រួមទាំងរោងចក្រថាមពល ២៤.000 មេហ្គាវ៉ាត់។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា MOU មួយផ្សេងទៀត ត្រូវបានចុះហត្ថលេខារវាងក្រសួងអគ្គិសនីរបស់ប្រទេសអ៊ីរ៉ាក់ និងក្រុមហ៊ុនសហរដ្ឋអាមេរិក UGT Renewables ដើម្បីបង្កើតគម្រោងថាមពលពន្លឺព្រះអាទិត្យរួមបញ្ចូលគ្នា ដែលមានសមត្ថភាព ៣.000 មេហ្គាវ៉ាត់។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីខែមុន បានលុបចោលការលើកលែងទណ្ឌកម្ម ដែលចាប់តាំងពីឆ្នាំ ២០១៨ បានអនុញ្ញាតឲ្យអ៊ីរ៉ាក់បង់ថ្លៃអគ្គិសនី ដល់អ៊ីរ៉ង់ ខណៈដែលក្រុងវ៉ាស៊ីនតោន កំពុងបន្តយុទ្ធនាការ «សម្ពាធអតិបរមា» របស់ខ្លួនប្រឆាំងនឹងទីក្រុងតេអេរ៉ង់។
អ៊ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងធំទី២របស់អង្គការ OPEC បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត ប្រើប្រាស់ការនាំចូលថាមពលពីអ៊ីរ៉ង់ ដើម្បីបង្កើតថាមពលអគ្គិសនី ហើយត្រូវបានទទួលរងសម្ពាធពីសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចូលថាមពល និងឧស្ម័នពីប្រទេសអ៊ីរ៉ង់។

