នៅថ្ងៃព្រហស្បតិ៍នេះ គណៈប្រតិភូសហរដ្ឋអាមេរិក និងរុស្ស៊ី បានធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី សម្រាប់កិច្ចប្រជុំធ្វើប្រក្រតីភាពការងារបេសកកម្មការទូតរបស់ពួកគេ ក្រោយសង្រ្គាមនៅអ៊ុយក្រែន បង្កឲ្យមានការប្រឈមដ៏ធំបំផុតរវាងទីក្រុងម៉ស្កូ និងលោកខាងលិច ចាប់តាំងពីសង្រ្គាមត្រជាក់ ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញរថយន្តជាច្រើនគ្រឿងបើកចូលក្នុងអគារស្ថានកុងស៊ុលរុស្ស៊ី ស្ថិតនៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល ។
ក្រសួងការបរទេសរុស្ស៊ី និយាយថា កិច្ចប្រជុំនេះ នឹងត្រូវដឹកនាំដោយឯកអគ្គរដ្ឋទូតថ្មីរបស់រុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោនលោក Alexander Darchiev និងអនុរដ្ឋលេខាធិការក្រសួងការបរទេសលោក Sonata Coulter ។
យោងតាមការអះអាងរបស់ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ការផ្តោតសំខាន់ គឺការស្តាឡើងវិញការងារបេសកកម្មការទូត ក្រោយជម្លោះអស់រយៈពេលច្រើនឆ្នាំ ការគំរាមគ្នាទៅវិញទៅមក ហើយសូម្បីការបង្កកទ្រព្យសកម្មការទូត ដែលបានធ្វើឲ្យស្មុគស្មាញដល់ទំនាក់ទំនងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង ២ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Tammy Bruce និយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែនមិនស្ថិតនៅលើរបៀបវារៈនោះទេ ។
ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន បាននិយាយដូចគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះពីផលវិបាកនៃការទទួលបានសារតាំងសម្រាប់ក្រុមអ្នកការទូតរបស់ពួកគេ ធ្វើឲ្យប្រតិបត្តិការនៅស្ថានទូតរបស់ពួកគេ ជួបការលំបាកខ្លាំង ៕