ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃពុធ (ទី៩ ខែមេសា) ដើម្បីឲ្យពិនិត្យឡើងវិញនូវច្បាប់គ្រប់គ្រងការនាំចេញគ្រឿងយុទ្ធោបករណ៍ ខណៈដែលលោកប្រឹងប្រែងធ្វើឲ្យបណ្ដាក្រុមហ៊ុនការពារជាតិអាមេរិកកាន់តែមានភាពងាយស្រួល ក្នុងការលក់ផលិតផលរបស់ពួកគេទៅបរទេស។
ក្នុងពិធីចុះហត្ថលេខា នៅការិយាល័យ Oval Office ជំនួយការសេតវិមាន លោក Will Scharf បាននិយាយថា៖ «យើងមិនអាចផ្តល់ប្រព័ន្ធសព្វាវុធ តាមរយៈមធ្យោបាយដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាពដល់សម្ព័ន្ធមិត្តសំខាន់ៗរបស់យើងបានឡើយ ហើយអ្វីដែលជាកត្តាជំរុញដ៏សំខាន់នោះ គឺភាពគ្មានប្រសិទ្ធភាព និងភាពមិនស៊ីសង្វាក់គ្នាជាមួយនឹងដំណើរការដែលយើងយល់ព្រមលើការលក់គ្រឿងយុទ្ធោបករណ៍បរទេស»។
លោកបានបន្ថែមថា៖ «ដូច្នេះ ក្រឹត្យនេះនឹងណែនាំក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ឲ្យដំណើរការឡើងវិញនូវប្រព័ន្ធនៃការលក់ផលិតផលការពារជាតិបរទេសរបស់យើង ដើម្បីធានាឲ្យបានថា យើងអាចផ្តល់នូវផលិតផលដែលបង្កើតការងារ នៅអាមេរិក និងផ្តល់ប្រាក់ចំណូលជាក់ស្តែងដល់ក្រុមហ៊ុនផលិតផលិតផលការពារជាតិរបស់អាមេរិក ប៉ុន្តែផ្តល់គ្រឿងយុទ្ធោបករណ៍សំខាន់ៗដល់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់យើងតាមរយៈមធ្យោបាយដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាព»។
ក្រឹត្យនេះអាចធ្វើឲ្យការលក់កើនឡើង សម្រាប់អ្នកម៉ៅការផលិតផលការពារជាតិធំៗរបស់សហរដ្ឋអាមេរិកដូចជា ក្រុមហ៊ុន Lockheed Martin, RTX និង Boeing ជាដើម៕