នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានគណកម្មការអឺរ៉ុបលោក Ursula von der Leyen បានស្វាគមន៍ការប្រកាសផ្អាកពន្ធបដិការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
លោកស្រីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xថា លក្ខខណ្ឌច្បាស់លាស់ អាចព្យាករណ៍បាន គឺចាំបាច់ធ្វើឲ្យពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ដំណើរការ ។
លោកស្រីបន្តថា ការដំឡើងពន្ធ គឺជាពន្ធដែលមានតែធ្វើឲ្យប៉ះពាល់ដល់ធុរកិច្ច និងអ្នកប្រើប្រាស់ ។ នោះហើយគឺជាហេតុផលដែលលោកស្រីគាំទ្រកិច្ចព្រមព្រៀងពន្ធកម្រិតសូន្យ រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ។
លោក Von der Leyen និយាយទៀតថា លោកស្រីសូមស្វាគមន៍សេចក្តីប្រកាសរបស់លោកប្រធានាធិបតី Trump ផ្អាកការដំឡើងពន្ធបដិការ ។ វាគឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការធ្វើឲ្យស្ថិរភាពសេដ្ឋកិច្ចសកល ។
លោកស្រីបញ្ជាក់ថា សហភាពអឺរ៉ុប បន្តប្តេជ្ញាចិត្តចំពោះកិច្ចចរចាលក្ខណៈស្ថាបនារជាមួយសហរដ្ឋអាមេរិក ជាមួយគោលដៅសម្រេចបានពាណិជ្ជកម្មអត្ថប្រយោជន៍គ្នាទៅវិញទៅមក និងគ្មានការរង្កៀសចិត្តគ្នា ៕